ស្នងការនគរបាលខេត្តកែប បញ្ជាកម្លាំងនគបាលបន្ដបង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសបទល្មើស Online Scams
25-09-2026 22:41
(កែប)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប, លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដាក់ចេញទិសដៅ ឱ្យមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ក្រោមឱវាទពាក់ព័ន្ធ ត្រូវគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បង្ការទប់ស្កាត់បទល្មើសលួចស្នាក់នៅខុសច្បាប់ និងបទល្មើសផ្សេងៗ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
ដាក់ទិសដៅបែបនេះ ខណៈលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកែប បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ក៏បានផ្តល់ការយកចិត្តទុកដាក់ និងដាក់ចេញទិសដៅដល់ថ្នាក់ក្រោម ឱ្យបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលខិតជិតចូលមកដល់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធានាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព តាមទីតាំងឃុំ សង្កាត់ តាមទីវត្តអារាម និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាទូទាំងខេត្ត។
ទន្ទឹមនេះ លោកស្នងការខេត្ត ក៏បានដាក់ចេញនូវទិសដៅអនុវត្តបន្ត រួមមាន៖ ពង្រឹងការងារជំនាញ ការងាររដ្ឋបាលក្នុងការបង្ការបង្រ្កាបមុខសញ្ញាប្រឆាំងក្រៅច្បាប់ ដែលប៉ុនប៉ងបង្កចលាចលសង្គម បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស ក្មេងទំនើង ធានាឱ្យបានសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ បន្តអនុវត្តគោលការណ៍សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ យកចិត្តទុកដាក់លើការងារចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត៕


































