FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះពិនិត្យសុខទុក្ខ និងចែកសម្ភារចាំបាច់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៦០គ្រួសារ នៅឃុំពុទ្រា ស្រុកជ័យសែន

25-09-2026 22:43

(ព្រះវិហារ)៖ លោកវេបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសុខទុក្ខ និងផលប៉ះពាល់ដោយសារទឹកជំនន់ ព្រមទាំងនាំយកសម្ភារចាំបាច់មួយចំនួនចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន៦៤គ្រួសារ មាន២៣៦នាក់ នៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បាននាំយក និងចែកជូនប្រជាពលរដ្ឋដោយផ្ទាល់នូវសម្ភារចាំបាច់មួយចំនួន ដើម្បីចូលរួមជួយសម្រួលដល់ការរស់នៅ និងការការពារសុខភាព ក្នុងអំឡុងពេលប្រឈមនឹងទឹកជំនន់ រួមមាន មុងជ្រលក់ថ្នាំ សម្រាប់ការពារការខាំរបស់មូស និងចូលរួមបង្ការជំងឺគ្រុនឈាម និងគ្រុនចាញ់ ព្រមទាំង ថ្នាំបន្សុតទឹក (ក្លរ៉ាមីន) សម្រាប់ប្រើប្រាស់ ក្នុងការបន្សុតទឹកឱ្យមានសុវត្ថិភាព មុនយកទៅប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងការរស់នៅស្អាត តាមគោលការណ៍ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»។

លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពទឹក និងចំណីអាហារ ការការពារខ្លួនពីសត្វអាសិរពិស ព្រមទាំងបង្ការជំងឺឆ្លងផ្សេងៗដែលអាចកើតមានដោយសារទឹកជំនន់។ ក្នុងករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាមិនប្រក្រតី ប្រជាពលរដ្ឋត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

សកម្មភាពនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការចូលរួមការពារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងត្រូវការការគាំទ្រផ្នែកសុខាភិបាល និងអនាម័យជាបន្ទាន់៕