FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូនវិនិយោគិន

25-09-2026 22:35

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ (ក.អ.ក. ) បានចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូន វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងសាធារណជន។

កន្លងមកការទូទាត់សេវាសាធារណៈដូចមានចែងក្នុងប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តជា ២ ទម្រង់៖ ទម្រង់ទី១ គឺប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាម ប្រព័ន្ធ cdcIPM និងទម្រង់ទី២ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់បែបប្រពៃណី ក្រោយការបង់កម្រៃសេវាសាធារណៈផ្ទាល់មកកាន់រជ្ជទេយ្យករចំណូល។

ក្រោយចេញសេចក្តីណែនាំនេះ វិក្កយបត្រឌីជីថលនឹងត្រូវអនុវត្តពេញលេញ មានវិសាលភាពគ្របដណ្តប់លើគ្រប់សេវាទាំងអស់ ទាំងនៅទីតាំងសាធារណៈផ្ទាល់ និងតាមប្រព័ន្ធឌីជីថលរបស់ ក.អ.ក. ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តទៅ។ យន្តការនេះគឺជាការរួមបញ្ចូលគ្នាជាទម្រង់វិក្កយបត្រឌីជីថលតែមួយ ភ្ជាប់ឃ្យូ.អ.កូដ (QR Code) ចេញពីដែនជាតិ cdc.gov.kh មានមុខងារជា៖

1. វិក្កយបត្របញ្ជាបង់ប្រាក់ (រង់ចាំទូទាត់)

2. បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់ (បានទូទាត់) និងសក្ខីប័តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ

3. តំណទៅកាន់ការទូទាត់ឌីជីថល មកកាន់រជ្ជទេយ្យករចំណូលរបស់ក.អ.ក. ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈ បាគង KHQR, កម្មវិធីធនាគារចល័ត, VISA ឬ Mastercard

4. ផ្ទាំងតាមដានស្ថានភាពនៃការផ្តល់សេវាសាធារណៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ចូលរួមផ្សព្វផ្សាយ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕