រាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភលុយជូនគ្រួសារក្រីក្រងាយរងគ្រោះ និងាយរងហានិភ័យដោយសារតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ ចាប់ពីខែកញ្ញា រហូតដំណាច់ឆ្នាំ ចំនួន៤.៦លាននាក់
25-09-2026 22:39
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ចំនួន៤.៦លាននាក់ ដែលរងផលវិបាកដោយសារថ្លៃប្រេង និងឧស្ម័នឥន្ធនៈដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិង ឧស្ម័នឥន្ធនៈដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រាលបន្ទុកជីវភាពគ្រួសារ ចំនួន ៤.៦លាននាក់ នៅទូទាំងប្រទេស ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា លើកទី២ នៅថ្ងៃទី១៦ ខែតុលា លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដោយគួសានៅរាជធានី ភ្នំពេញ ចំនួន៦០,០០០រៀល នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ចំនួន ៤៨,០០០រៀល នៅទីជនបទ ចំនួន ៤០,០០០រៀល ហើយសមាជិកគ្រួសារក្នុងម្នាក់ៗទទួលបាន ៥,០០០រៀលបន្ថែមទៀត។
ទន្ទឹមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការតាមរយៈយន្តការក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យបានពេញលេញ ដើម្បីអនុវត្តកម្មវិធីនេះ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាព៕




