FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ដយកចិត្តទុកដាក់តាមដានអាកាសធាតុ និងកំណត់ទីតាំងសុវត្ថិភាព ត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋជាអាទិភាព (Video inside)

25-09-2026 22:33

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវបន្ដសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍អាកាសធាតុ ដោយត្រូវកំណត់នៅទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ បន្ថែមលើនេះ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ត្រូវត្រៀមអន្តរាគមន៍គ្រប់មធ្យោបាយសម្រាប់ជួយសង្គ្រោះ ដោយសហការនិងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តតាមដាននិងព្យាករណ៍អាកាសធាតុ ជាពិសេសការប្រែប្រួល កម្ពស់ទឹក ត្រូវបង្កើនការជូនដំណឹងជាប្រចាំ និងទាន់ពេលវេលាដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេស ប្រជាពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះ និងតាមបណ្ដោយមាត់ទន្លេ ដើម្បីត្រៀមបង្ការហានិភ័យខ្ពស់ចំពោះជីវិត មនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ និងជូនដំណឹងណែនាំដល់ប្រជានេសាទនៅតាមសមុទ្រ ឲ្យមានការយកចិត្តទុកដាក់លើអាកាសធាតុ និងគ្រោះថ្នាក់ផ្សេងៗ៕