រដ្ឋលេខាធិការក្រសួងផែនការម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបើករថយន្ដបុកដូនជីអាយុ៨២ឆ្នាំស្លាប់ នៅខណ្ឌ៧មករា
25-09-2026 22:00
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងផែនការ លោក វី ហៀង អាយុ៧៧ឆ្នាំ បានបើករថយន្ដបុកដូនជីម្នាក់អាយុ៨២ឆ្នាំ បណ្ដាលឲ្យស្លាប់ពេលកំពុងដើរថ្មើរជើងទៅវត្ត នៅត្រង់ចំណុចផ្លូវលេខ១៦៩ ប្រសព្វផ្លូវលេខ១៦៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក វី ហៀង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
របាយការណ៍របស់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្ដដែលបើកបរដោយលោក វី ហៀង រដ្ឋលេខាធិការក្រសួងផែនការ ម៉ាក LANDCRUISER ពណ៌ស ពាក់ផ្លាកលេខរដ្ឋ14-20051 បើកបរផ្លូវលេខ១៦៩ ទិសដៅពីជើងទៅត្បូង ក៏បានបុកអ្នកថ្មើរជើងដើរឆ្លងផ្លូវ ទិសដៅពីកើតទៅលិចបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យព្រះកុសមៈ។ ជនរងគ្រោះឈ្មោះ វើក សារី អាយុ៨២ឆ្នាំ មានទីលំនៅផ្ទ៖លេខ ៩៩E២ ផ្លូវលេខ ១៦១ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្ដភ្លាម ដើម្បីបញ្ជូនទៅធ្វើការសួរនាំ ចាត់ការបន្ដតាមនីតិវិធី៕






