FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ចាត់ទុកភស្តុភារកម្ម ជាឆ្អឹងខ្នងពាណិជ្ជកម្មអន្តរជាតិ, ផែនការ១០ឆ្នាំ គ្រោងចាយទុនជិត ៣៧ប៊ីលានដុល្លារ ដើម្បីកសាងភាពខ្លាំងផ្នែកភស្តុភារកម្ម (Video inside)

25-09-2026 21:53

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យភស្តុភារកម្ម ឬហៅថាឡូជីស្ទិកនោះ គឺជាឆ្អឹងខ្នង​ពាណិជ្ជ​​កម្មអន្តរជាតិ។ ដើម្បីកសាងភាពខ្លាំងនៃវិស័យភស្តុភារកម្មនេះ រាជរដ្ឋាភិបាល បានសិក្សា និងអនុ​ម័ត​រួចហើយលើគម្រោងអភិវឌ្ឍវិស័យភស្តុភារកម្មក្នុងរយៈពេល១០ឆ្នាំ ដោយចាយទុនជិត ៣៧​ប៊ីលាន​ដុល្លារ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍វឌ្ឍនភាព​នៃវិស័យ​ភស្តុភារកម្មនេះ។

វិស័យភស្តុភារកម្ម (ឡូជីស្ទិក) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយធនាគារ ពិភពលោក បានចាត់ទុកវិស័យភស្តុភារកម្ម គឺជាឆ្អឹងខ្នងក្នុងការធ្វើពាណិជ្ជកម្មអន្ដរជាតិ ជាក្បាលម៉ាស៊ីន​ក្នុង​ការជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ។ ភស្តុភារកម្មប្រកបដោយ​ប្រសិទ្ធ​ភាព គឺអាចជួយកាត់បន្ថយថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្ម បង្កលទ្ធភាពឱ្យក្រុមហ៊ុនតភ្ជាប់​ជាមួយ​ទីផ្សារ និងជួយគាំទ្រក្នុងការ អភិវឌ្ឍ ជាពិសេសការជួយបង្កើនទំហំ និងតម្លៃពាណិជ្ជកម្ម។

ភស្តុភារកម្ម ដែលចាត់ទុកថា មានប្រសិទ្ធភាពខ្ពស់ គឺផ្អែកទៅលើចំណុចគន្លឹះចំនួន៣ រួមមាន ១) រយៈពេលតិច ២) តម្លៃថោក និង៣) ទំនុកចិត្តខ្ពស់។ ដើម្បីសម្រេចបានរយៈពេលតិច តម្លៃថោក ទំនុកចិត្តខ្ពស់ មានកត្តាសត្យានុម័តចំនួន៦ ដែលត្រូវវាស់វែង ដូចជា ១) ល្បឿននៃការបំពេញបែបបទនីតិវិធីគយក្នុងការឆ្លងកាត់ព្រំដែន ២) គុណភាពនៃហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ៣) ភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអន្តរជាតិ ៤) គុណភាព និងសមត្ថភាពប្រតិបត្តិករ​ភស្តុភារកម្មនៅក្នុងស្រុក ៥) សមត្ថភាពក្នុងការតាមដានទំនិញ និង៦) ហ្វ្រេកង់នៃភាពទាន់ពេលវេលាក្នុង​ការ​ដឹកជញ្ជូនទៅដល់គោលដៅចុងក្រោយ។

កត្តាទាំង ៦នេះ គឺជាប់ទាក់ទងជាមួយនឹងស្ថាប័នរដ្ឋផង និងស្ថាប័នឯកជនផង។ ហេតុដូច្នេះហើយ បាន​ជា​ការងារភស្តុភារកម្ម គឺជាការប្រតិបត្តិរួមគ្នារវាងស្ថាប័នដែលជាប់ពាក់ព័ន្ធទាំងអស់ នៅក្រោមក្របខ័ណ្ឌ រួមគ្នា របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ដោយមានគណៈកម្មាធិការជាតិភស្តុភារកម្ម ជាសេនាធិការ។

ដោយមានការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជា JICA ធនាគារពិភពលោក និងសាធារណរដ្ឋ ប្រជាមានិតចិន រាជរដ្ឋាភិបាលបានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ​បាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS)។

ចំណុចសំខាន់របស់ផែនការមេ ១០ឆ្នាំនេះ ជាការរៀបចំឱ្យមានភាពប្រទាក់ក្រឡាគ្នារវាងគ្រប់​មធ្យោបាយ​ដឹកជញ្ជូនទាំងអស់ គឺផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ពហុមធ្យោបាយ និងភស្តុភារកម្ម ឱ្យទៅ​ជា​ផែនការមេគ្រប់ជ្រុងជ្រោយតែមួយ ដែលមានគម្រោងចំនួន ១៧៤ (ទាំងផ្នែកទន់ និងរូបវន្ត) និងថវិកា​វិនិ​​យោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាម៉េរិក ហើយដែលផែនការមេនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់​ជាផ្លូវការ កាលពីខែសីហា ឆ្នាំ២០២៣។

ទន្ទឹមនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី «ភស្តុភារកម្ម» ដើម្បី​គ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព និងវឌ្ឍនភាព។ ចំណែកទិន្នន័យភស្តុភារកម្ម ក៏បានដើរតួ​នាទី​យ៉ាង​សំខាន់មិនសម្រាប់តែការវាស់វែងវឌ្ឍនភាពប៉ុណ្ណោះទេ ប៉ុន្តែជាត្រីវិស័យដ៏សំខាន់ក្នុងការតាក់​តែង​គោល​នយោបាយ និងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយផ្អែកលើភស្តុតាងជាក់ស្ដែង៕