FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្ដល់ឈាមដោយស្ម័គ្រចិត្ត បង្កើតសង្គមប្រកបដោយមនុស្សធម៌»

25-09-2026 18:57

(ភ្នំពេញ)៖ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្ដល់ឈាមដោយស្ម័គ្រចិត្ត បង្កើតសង្គមប្រកបដោយមនុស្សធម៌» ក្រោមអធិបតីភាពលោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ កសហវ. តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ កសហវ.។

កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកនៃគណៈកម្មការប្រតិបត្តិសមាគមសង្គហមិត្ត កសហវ. សរុបប្រមាណ ១០០ នាក់។

លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ កសហវ. បានថ្លែងនៅក្នុងសុន្ទរកថាបើកថា «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទង្វើប្រកបដោយមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់យើងក្នុងការជួយសង្គ្រោះជីវិត និងវប្បធម៌ចែករំលែក។ សម្រាប់អ្នកជំងឺដែលកំពុងរង់ចាំឈាមដើម្បីរស់រានមានជីវិតដូចជា ស្ត្រីដែលហូរឈាមពេលសម្រាលកូន កុមារដែលមានជំងឺស្លេកស្លាំង ឬជំងឺឈាម ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺដែលត្រូវការវះកាត់ជាដើម ការបរិច្ចាគឈាមនេះបានផ្ដល់ក្ដីសង្ឃឹមទីពីរនៃជីវិតពួកគាត់»។

លោកបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត កសហវ. បានមានមតិចំណាប់អារម្មណ៍ថា «ការផ្ដល់ឈាមដោយស្ម័គ្រចិត្តបង្ហាញពីកាយវិការសប្បុរសធម៌របស់យើង ព្រោះថាឈាមគឺជា ធាតុដ៏សំខាន់បំផុតនៃជីវិតមនុស្ស ហើយប្រភពតែមួយគត់នៃឈាម គឺការផ្ដល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះជាលើកទី១ របស់សមាគមក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ហើយសមាគមសង្គហៈមិត្ត កសហវ. នឹងបន្តរៀបចំកម្មវិធីនេះបន្តទៀតឱ្យបានយ៉ាងតិច២ដងក្នុងមួយឆ្នាំ ដើម្បីចូលរួមបន្តបំពេញតម្រូវការឈាមបន្ថែមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងរង់ចាំឈាមនៅមន្ទីរពេទ្យ»។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំពីផលប្រយោជន៍នៃការផ្ដល់ឈាមថា «កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយថែមទាំងមានអត្ថប្រយោជន៍៣សំខាន់គឺអត្ថប្រយោជន៍ផ្ទាល់ខ្លួន, អត្ថប្រយោជន៍សម្រាប់សង្គមជាតិ, អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ។ ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ។ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រប្រព័ន្ធសុខាភិបាលជាតិ និងការបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គមផងដែរ»។

លោកបន្ដថា «ការបរិច្ចាគឈាមជាការធ្វើទានដែលបានផលានិសង្ឃច្រើន នេះបើយោងតាមគម្ពីរព្រះត្រៃបិដក និងធម្មទេសនា របស់ សម្តេចព្រះឧត្តមវង្សា គូ សុភាព។ ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ “ទានឧបបារមី” (១.ទានបារមី ២.ទានឧបបារមី ៣.ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មាន លុយកាក់ក៏ដោយ ព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ ជួយសង្គ្រោះជីវិតអ្នកជំងឺ»៕