អភិបាលស្រុកតាំងគោក ដឹកនាំជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំសូយោង ដើម្បីស្វែងរកដំណោះស្រាយជួយ
25-09-2026 16:36
(កំពង់ធំ)៖ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្រូវរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តវាលសសៃ ក្នុងឃុំសូយោង ក្រោយពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យលិចផ្លូវ និងស្រូវមួយចំនួនរបស់ពលរដ្ឋ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាកសិករដែលរងគ្រោះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហាក់ ម៉ុងហួត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ឲ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ជាបន្ទាន់ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ ដោយត្រូវត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា ជាពិសេសត្រៀមវាយតម្លៃពីផលប៉ះពាល់ស្រូវរបស់ពលរដ្ឋ។
លោក ហាក់ ម៉ុងហួត បានសម្តែងការព្រួយបារម្ភចំពោះផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាកសិករ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាន និងជំនួយចាំបាច់។ អាជ្ញាធរស្រុកតាំងគោកនឹងបន្តខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យោងរបាយការរបស់រដ្ឋបាលស្រុកតាំងគោក បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ផលប៉ះពាល់ដោយសារទឹកជំនន់បានបណ្ដាលឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវទុំ និងស្រូវទើបព្រួសចំនួន ៣៨១,៩៧ហិកតា លើ ៦ឃុំ សរុប ៣២៧គ្រួសារ និងដំណាំដំឡូងមីចំនួន ៩,៧ហិកតា៕












