មន្ទីរសាធារណការខេត្តរតនគិរី បញ្ជូនគ្រឿងចក្រកែសម្រួលផ្លូវ ៧៨C (អូរជុំ-វ៉ើនសៃ) ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងការដឹកជញ្ជូនក្រោយជំនន់ទឹកភ្លៀង
25-09-2026 16:21
(រតនគិរី)៖ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជូនគ្រឿងចក្រកែសម្រួលផ្លូវ ៧៨C តភ្ជាប់អូរជុំ-វ៉ើនសៃ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ និងការដឹកជញ្ជូនក្រោយជំនន់ទឹកភ្លៀង។
កន្លងមកខ្សែផ្លូវខាងលើនេះ មានស្ថានភាពលំបាកដល់ការធ្វើដំណើរ ផ្លូវមានស្ថានភាពភ្នំ មានជំនន់ទឹកភ្លៀងធ្លាក់ជោគជាំ ដីក្រហមស្អិត ដែលបង្កការលំបាកដល់ការធ្វើចរាចរណ៍ប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូនពីទីប្រជុំជន មកក្រុងបានលុងខេត្តរតនគិរី។
ការចុះកែសម្រួល និងកៀរផ្ទៃផ្លូវនាពេលនេះ គឺជាការឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយរំពឹងថា នឹងធ្វើឲ្យស្ថានភាពផ្លូវមានភាពប្រសើរឡើង កាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍ ជាពិសេសបងប្អូនអាស្រ័យផ្លូវរាល់ថ្ងៃ។ លើសពីនេះការកែសម្រួលផ្លូវលេខ ៧៨C នេះ ក៏នឹងជួយការដឹកជញ្ជូនទំនិញផ្សេងៗ ពីមកកាន់កាន់ទីផ្សារបានកាន់តែងាយស្រួល និងឆាប់រហ័ស ដែលជាកត្តាសំខាន់ក្នុងការគាំទ្រសកម្មភាពភាពសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនោះ ក្រុមការងារសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារទាំងអស់គ្នា ជាពិសេសអ្នកដែលមានរថយន្តធំៗ មេត្តាអធ្យាស្រ័យ កុំធ្វើចរាចរណ៍ក្នុងពេលមេឃកំពុងភ្លៀងមានកម្រិតរអិលខ្លាំង។
សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះរដ្ឋបាលស្រុកវ៉ើនសៃ ខេត្តរតនគិរី បានចេញលិខិតហាមរថយន្តដឹកទំនិញធ្ងន់ៗ ឆ្លងកាត់ពីក្រុងបានលុង ឆ្ពោះទៅទីរួមស្រុកវ៉ើនសៃ ក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំបង្កឲ្យផ្លូវលេខ៧៨C ខូចខាតធ្ងន់ធ្ងរប៉ុន្តែរថយន្តដឹកខ្សាច់ ដឹកអុសនៅតែធ្វើចរាចរណ៍ធម្មតា ដោយមិនខ្លាចច្បាប់នោះទេ៕












