បង្ក្រាបមុខសញ្ញាគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ ដកហូតមេតំហ្វេតាមីន ៤៨កញ្ចប់ និងយ៉ាម៉ា ១៩គ្រាប់ នៅស្រុកត្រពាំងប្រាសាទ
25-09-2026 16:16
(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងជំនាញ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធការជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងនារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមការចាត់តាំងរបស់លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ចុះប្រតិបត្តិការបង្ក្រាប ដោយប្រើប្រាស់វិធានការជំនាញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុល តន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤៨កញ្ចប់ ក្នុងនោះមាន ៣កញ្ចប់ធំ និង៤៥កញ្ចប់តូច, សារធាតុញៀនប្រភេទយ៉ាម៉ា (WY) ពណ៌ផ្កាឈូក ចំនួន១៩គ្រាប់ និងឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំយកមកឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕




