FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ឯក សុវិជ្ជាសុខវោហារមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី

25-09-2026 16:05

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរ ចូលរួមដាំ និងចែកកូនឈើចំនួន៦,០០០ដើម នៅឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ពិធីនេះមានការចូលរួមពីលោក ហែម សុីណា អភិបាលស្រុករំដួល អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបច្រើនដែរ។

ក្នុងឱកាសនេះ លោកសាស្រាចារ្យបណ្ឌិត សៅ សុវណ្ណី បាននាំនូវការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារនៅមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង។

លោកក៏បាននាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង ដែលសម្ដេចតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការងារនៅមូលដ្ឋាន ពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។

លោកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពជាក់ស្តែងមួយដែលចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ការការពារ និងអភិរក្សធនធានធម្មជាតិ ការពារបរិស្ថាន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ការដាំកូនឈើមួយដើម គឺមិនមែនគ្រាន់តែជាការបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី ការពារធនធានធម្មជាតិ កាត់បន្ថយផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ និងបង្កើតបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងចីរភាពសម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

លោកបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រជាពលរដ្ឋទាំងអស់ សូមបន្តរួមគ្នាដាំ ថែរក្សា និងការពារដើមឈើ នៅតាមសាលារៀន វត្តអារាម គេហដ្ឋាន និងទីសាធារណៈនានា ដើម្បីចូលរួមកសាងសហគមន៍បៃតង និងបរិស្ថានប្រកបដោយចីរភាព។ ជួយថែរក្សា និងការពារកូនឈើដែលបានដាំរួច ឱ្យដុះលូតលាស់ល្អ មិនមែនដាំហើយបោះបង់ចោលនោះទេ។ លុបបំបាត់ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងងាកមកស្រឡាញ់បរិស្ថានបៃតង៕