ផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន នៅលើស្ពានសម្ដេចក្រឡាហោម ស ខេង នៅក្នុងក្រុងបាត់ដំបង ដោយសារស្ថានភាពទឹកស្ទឹងសង្កែឡើងខ្លាំង !
25-09-2026 16:01
(បាត់ដំបង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ស្តីពីការផ្អាកបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទ មិនឱ្យធ្វើដំណើរឆ្លងកាត់ស្ពានសម្ដេចក្រឡាហោម ស ខេង ដែលស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយសារស្ថានភាពទឹកបានហក់ឡើងខ្លាំង ដែលអាចបង្ករជាហានិភ័យផ្សេងក្នុងការធ្វើដំណើរ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា មូលហេតុនៃការផ្អាកនេះគឺដោយសារខេត្តបាត់ដំបង បានទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនដំណំ ដែលអាចបណ្ដាលឱ្យកើតមានទឹកជំនន់ទឹកភ្លៀង។ ស្ថានភាពបែបនេះ បានធ្វើឱ្យផ្លូវ និងស្ពានទូទាំងខេត្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសស្ពានសម្ដេចក្រឡាហោម ស ខេង។
ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចាំបាច់ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្នលើស្ពាននេះ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ វិធានការនេះក៏មានគោលបំណងចូលរួមថែរក្សាស្ពាន និងបង្ការហានិភ័យផ្សេងៗក្នុងការធ្វើដំណើរផងដែរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអនុវត្តបានល្អនូវសេចក្ដីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕






