FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB ពិភាក្សារកឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើកសិផលសក្តានុពលរវាងកម្ពុជា និងស្រីលង្កា

25-09-2026 14:36

(ស្រីលង្កា)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ Dr. Shantha Jayarathna, ទីប្រឹក្សា​ជាន់​ខ្ពស់​នៃក្រសួង Trade, Commerce, Food Security & Co-operative Development និងជាប្រធាន Sri Lanka Consumer Cooperative Societies Federation Ltd. ព្រមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ ដែលជាដៃគូធុរកិច្ចសក្តានុពលនៅប្រទេសស្រីលង្កា ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារកសិផលរវាងកម្ពុជា និងស្រីលង្កា។

ក្នុងជំនួបនេះ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីលទ្ធភាព ធ្វើពាណិជ្ជកម្មលើកសិផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារស្រីលង្កា រួមមាន អង្ករក្រអូប គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត និងម្ទេស ជាដើម ព្រមទាំងការផ្លាស់ប្តូរព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារ គុណភាព ការកែច្នៃ ការវេចខ្ចប់ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យសមស្របទៅនឹងតម្រូវការអ្នកប្រើប្រាស់នៅស្រីលង្កា។
ជាពិសេស ពាណិជ្ជករត្រូវបានចាត់ទុកជាដៃគូធុរកិច្ចសក្តានុពលមួយសម្រាប់ការបន្តពិភាក្សា និងសិក្សាលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា ដោយផ្តោតដំបូងលើ អង្ករក្រអូប ដំឡូមី​ ស្វាយនទី​ ពោត និងកសិផលផ្សេងទៀតដែលមានសក្តានុពល និងអាចបំពេញតាមលក្ខខណ្ឌទីផ្សារស្រីលង្កា។

ជាមួយគ្នានេះ Dr. Shantha Jayarathna បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង គំរូធុរកិច្ចសហករណ៍កសិកម្ម (Agricultural Cooperatives–ACs) បច្ចេកទេសកែច្នៃ និងសម្ងួតផលិតផលកសិកម្ម ព្រមទាំងលទ្ធភាពបន្តសិក្សាទីផ្សារសម្រាប់ អង្ករក្រអូបកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ក្រុមអតិថិជនគោលដៅជាក់លាក់នៅប្រទេសស្រីលង្កា។

លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាក់ស្តែងរវាង អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងអ្នកទិញ គឺជាកត្តាសំខាន់ក្នុងការពង្រីកទីផ្សារថ្មីសម្រាប់កសិផលកម្ពុជា។ ARDB ត្រៀមខ្លួនចូលរួមគាំទ្រផ្នែកហិរញ្ញប្បទានតាមខ្សែច្រវាក់តម្លៃ ដើម្បីជំរុញការតភ្ជាប់ពី ផលិតកម្ម–ប្រមូលទិញ–កែច្នៃ–ទីផ្សារ–នាំចេញ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា។

ជំនួបនេះបានបើកផ្លូវសម្រាប់ការបន្តសម្របសម្រួល រវាងភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការរៀបចំ Trade Matching និង Business-to-Business (B2B) ដើម្បីភ្ជាប់អ្នកនាំចេញកម្ពុជា ជាមួយអ្នកទិញ និងអ្នកនាំចូលនៅស្រីលង្កា និងឈានទៅរកការសាកល្បងបញ្ជាទិញ និងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មរយៈពេលវែង លើកសិផលសក្តានុពលរវាងប្រទេសទាំងពីរ៕