FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាក់ ម៉ុងហួត បើកការដ្ឋានសាងសង់ផ្លូវបេតុង នៅមូលដ្ឋានឃុំច្រនាង ដោយប្រេីប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន

25-09-2026 14:23

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៣៥០ម៉ែត្រ ស្ថិតនៅភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលគម្រោងនេះត្រូវបានអនុវត្តដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ ដែលជាថវិការបស់រាជរដ្ឋាភិបាលបានផ្តល់ជូនជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំច្រនាង ដែលបានវិវត្តន៍ពីផ្លូវគ្រួសក្រហមមកជាផ្លូវបេតុង និងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកន្លែងផ្សេងទៀត។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ដែរថា ការសាងសង់ផ្លូវបេតុងមួយខ្សែនេះ មានគោលបំណងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះផ្លូវនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុងនេះ គឺជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះសូមចូលរួមសហការគ្នាថែរក្សាការពារផ្លូវនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។ លោកក៏បានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវធានាឱ្យបាននូវការអនុវត្តការងារត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលាកំណត់។

លោកអភិបាលស្រុក បានបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងនេះដោយសារបច្ចុប្បន្នជាគ្រាដែលមានការកើនឡើងនៃករណីឆ្លង ជាពិសេសជំនន់ទឹកភ្លៀងកំពុងមានការកើនឡើង លោកអភិបាលស្រុក ក៏បានធ្វើការណែនាំ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងតែមានការរីករាលដាល ជាពិសេសគ្រាដែលទឹកជំនន់កើតឡើងត្រូវមានការប្រយ័ត្នចំពោះកូនចៅ កុំឱ្យមានការចុះលេងទឹក ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕