លោក យង់ សុវឌ្ឍនា៖ គណៈគ្រប់គ្រងសាលា គឺជាមេបញ្ជាការដែលត្រូវគ្រប់គ្រង និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ថែទាំសុខភាពយុវជន
25-09-2026 13:44
(តាកែវ)៖ លោក យង់ សុវឌ្ឍនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលជាអធិបតី បើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់គណៈគ្រប់គ្រងកម្រិតមធ្យមសិក្សា ក្នុងវិស័យអប់រំទូទាំង ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦។
លោក ញឹម យុទ្ធា អនុប្រធានមន្ទីរ អប់រំ យុវជនកីឡា ខេត្តតាកែវ បានថ្លែងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនទូទាំងខេត្តតាកែវ មានសរុបចំនួនជាង៥០០គ្រឹះស្ថាន ដែលមានអ្នកសិក្សាសរុបចំនួនជាង២២ម៉ឺននាក់ ហើយគណៈគ្រប់គ្រងសាលាទាំងអស់ បានយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំប្រសាសន៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងនូវការកោតសរសើរ អរគុណដល់គ្រប់សមាសភាពទាំងអស់ នៅខេត្តតាកែវ ដែលបានចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារួមនិយាយដោយឡែកក្នុងវិស័យអប់រំដែលជាគោលដៅមួយសំខាន់ចាំបាច់ណាស់ រស់គ្រប់ក្រុមគ្រួសារគឺត្រូវតែមានសមាជិកទៅទទួលការសិក្សានៅក្នុងវិស័យនេះ ដូចនេះសូមលោកគ្រូអ្នកគ្រូជួយបញ្ជ្រាបតាមរយៈសិស្សឲ្យពាំនាំព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរសព្ទNoDrug ពីសាលាចូលទៅក្រុមគ្រួសារ និងសហគមន៍។
ថ្លែងក្នុងនាមរដ្ឋបាលខេត្តតាកែវ ក្នុងឱកាសនោះដែរ លោក យង់ សុវឌ្ឍនា បានថ្លែងថា គណៈគ្រប់គ្រងសាលា គឺជាមេបញ្ជាការដែលត្រូវគ្រប់គ្រង និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដើម្បីថែទាំសុខភាពយុវជន ដែលជាធនធានមនុស្សពោរពេញឱ្យមានសុខភាពល្អ ប្រែក្លាយទៅជាមូលធនមនុស្ស ប្រកបដោយសក្តានុពលសម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបានការរីកចម្រើនកាន់តែឆាប់រហ័ស នឹងបានសំណូមពរទៅដល់គណៈគ្រប់គ្រងសាលាទាំងអស់ ឲ្យជួយផ្សព្វផ្សាយបន្តនូវចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ App NoDrug ឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍៕

















