FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ទម្រង់ឆបោក Online Scams ពិបាកកំណត់អត្តសញ្ញាណជនរងគ្រោះ (Video inside)

25-09-2026 13:42

(ភ្នំពេញ)៖ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ទម្រង់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ពិបាកកំណត់អត្តសញ្ញាណជនរងគ្រោះណាស់ ដោយសារតែភាគច្រើនពួកគេមានការលាក់បាំងព្រោះតែភាពខ្មាសអៀនច្រើន។

ក្នុងសន្និសីទបង្ហាញពីលទ្ធផលនៃសន្និសីទអន្តរជាតិលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក កេង សុម៉ារិទ្ធ បានថ្លែងថា បទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះពិតជាពិបាកក្នុងការរកអត្តសញ្ញាណជនរងគ្រោះជាខ្លាំង។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា៖ «យើងពិតជាបានឯកភាពគ្នា និងបានបង្ហាញនៅក្នុងការប្តេជ្ញាចិត្តនៅក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញ ពិតមែនខ្ញុំបាទសូមបញ្ជាក់ជូនថាទម្រង់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺធ្វើពីដែនដីនៃរដ្ឋមួយ ទៅកាន់ដែនដីនៃរដ្ឋមួយទៀត ដែលយើងមិនដឹងថាឧក្រិដ្ឋជននៅទីតាំងណាផង។ ដែលយើងមិនដឹងថានៅប្រទេសមួយទៀតជនរងគ្រោះនៅទីណាផង»។

លោក កេង សុម៉ារិទ្ធ បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមជាសកល ដែលឧក្រិដ្ឋជន និងជនរងគ្រោះអាចស្ថិតនៅប្រទេសផ្សេងគ្នា ដែលធ្វើឱ្យការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណកាន់តែស្មុគស្មាញ។

បញ្ហាប្រឈមសំខាន់ៗមានពីរ៖ ទីមួយ ជនរងគ្រោះត្រូវតែចេញមុខប្ដឹងទៅសមត្ថកិច្ច ដើម្បីឱ្យមានការស៊ើបអង្កេត និងស្វែងរកទ្រព្យសម្បត្តិ។ ទីពីរ អត្រានៃការកំណត់អត្តសញ្ញាណជនរងគ្រោះមានកម្រិតទាបខ្លាំង សូម្បីតែនៅក្នុងប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី ក៏រកឃើញបានត្រឹមតែ ២% ប៉ុណ្ណោះ។ នេះបណ្តាលមកពីជនរងគ្រោះមានអារម្មណ៍អាម៉ាស់ និងប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន ជាពិសេសក្នុងករណីឆបោកបែបមនោសញ្ចេតនា។

ពាក់ព័ន្ធនឹងបញ្ហាច្បាប់ លោក កេង សុម៉ារិទ្ធ បានលើកឡើងថា កាលពីមុនពេលមានច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ថាបទល្មើសឆបោកអាចកំណត់បាន លុះត្រាតែអាចកំណត់អត្តសញ្ញាណជនរងគ្រោះដែលបានចាញ់បោកជាទ្រព្យសម្បត្តិ។ បច្ចុប្បន្ន កម្ពុជាមានទិន្នន័យស្ថិតិនៅក្នុងបញ្ជីរបស់រដ្ឋបាលតុលាការ ប៉ុន្តែមិនទាន់អាចបញ្ចេញជាសាធារណៈបានទេ រង់ចាំការអនុវត្តនីតិវិធីត្រឹមត្រូវតាមច្បាប់ជាធរមាន។

លោក កេង សុម៉ារិទ្ធ បានបង្ហើបថា៖ «បច្ចុប្បន្ននេះ កម្ពុជា មានទិន្នន័យ នៅក្នុងបញ្ជីស្ថិតិរបស់រដ្ឋបាលតុលាការ នៅតាមតុលាការនីមួយៗ ប៉ុន្តែយើងមិនទាន់អាចបញ្ចេញបាន ពីព្រោះយើងត្រូវឱ្យប្រាកដថានីតិវិធីទាំងអស់នោះ គឺត្រូវបានអនុវត្តត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមានមុននឹងយើងបញ្ចេញតួលេខ បញ្ចេញព័ត៌មាន ឬកំណត់ថាគាត់ គឺជាជនរងគ្រោះនៅក្នុងអំពើឆបោក»។

លោក កេង សុម៉ារិទ្ធ បញ្ជាក់ជូនមួយទៀតថាហេតុអីបានជាបើនិយាយថាជនល្មើសនៃអំពើ Scams តែម្តងមិនងាយមានទេ តែបើជនរងគ្រោះនៃអំពើឆបោកទូទៅនៃការជួញដូរមនុស្ស នៃពលកម្មដោយបង្ខំ នៃការធ្វើទារុណកម្ម អំពើឃោរឃៅ យើងមានបញ្ហាប្រឈមនេះនៅមុនពេលមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីព្រោះនៅពេលដែលយើងចូលបង្ក្រាបនៅទីតាំងមួយនោះ យើងអត់ទាន់មានច្បាប់ថាអាហ្នឹងជាទម្រង់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វត្ថុតាំងទាំងអស់នេះ អាចចង្អុលបង្ហាញថាជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ត្រង់ចំណុចនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា៖ «យើងមានតែចោទប្រកាន់ទៅលើជនល្មើសតាមរយៈច្បាប់ដែលនៅមានជាធរមាន ដូចជាការជួយដូរមនុស្ស ពលកម្មដោយបង្ខំ ឬទារុណកម្មនេះឯងនេះជាបញ្ហាប្រឈម ហើយបញ្ហាប្រឈោមនេះលោកសូមបញ្ជាក់ជូនថាមិនមែនតែកម្ពុជាទេ ដែលពិបាកនឹងការស្វែងរក និងកំណត់អត្តសញ្ញានៃជនរង្គ្រោះ ប្រទេសជាច្រើននៅក្នុងតំបន់បានចែករំលែកបទពិសោធរបស់គាត់ គឺយើងជួបនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា»៕