រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ជំរុញការផ្លាស់ប្តូរទេសចរ និងទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន
25-09-2026 11:07
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «ពពកកំដរក្បែរព្រះច័ន្ទ មិត្តភាពស៊ីជម្រៅរវាងអ្នកជិតខាងដ៏ល្អជ្រាលជ្រៅ» ដើម្បីអបអរសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦ និងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Peng Bin អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌នៃគណៈកម្មាធិការបក្សខេត្តយូណាន ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈប្រតិភូចិន អ្នកបង្កើតមាតិកា និងផ្នែកឯកជន សរុបជាង៦០០នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា និងចិន សិល្បករ សិល្បការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពឱឡារិក និងអធិកអធម។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាងមួយពាន់ឆ្នាំ និងមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្តូរទេសចរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះ គឺជាការបោះជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ឆ្ពោះទៅរកភាពកាន់តែស៊ីជម្រៅ និងជិតស្និទ្ធ ព្រមទាំងចូលរួមអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រទេសចិន តាមរយៈការតភ្ជាប់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ប្រទេសទាំងពីរ។ ជាពិសេស ការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការបង្កើនចំនួនភ្ញៀវទេសចរទៅវិញទៅមក។
ព្រឹត្តិការណ៍នេះក៏មានការសម្តែងសិល្បៈ និងវប្បធម៌ចម្រុះរវាងកម្ពុជា និងចិន រួមមានការប្រគំតន្ត្រីរួម «ពពកកំដរព្រះច័ន្ទ» របាំ «កាំរស្មីព្រះចន្ទ» របាំបុរាណខ្មែរ «របាំជូនពរ» របាំប្រជាប្រិយខ្មែរ «របាំអ្នកនេសាទ» ការចែករំលែករឿងរ៉ាវមិត្តភាពកម្ពុជា-ចិន ការសម្តែង Street Dance រួមគ្នារវាងយុវជនកម្ពុជា-ចិន និងបទចម្រៀងរួមជាច្រើនទៀត ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានលើកឡើងពីការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសក្នុងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវបៃតង»។
លោករដ្ឋមន្ត្រីក៏បានអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនចិន មកទស្សនា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មិត្តភាព ភាតរភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»៕

















