FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់៖ សមាជិកគណបក្សម្នាក់ ត្រូវតែជាសន្លឹកឆ្នោតបានការមួយសន្លឹករបស់គណបក្សប្រជាជនកម្ពុជា

25-09-2026 10:06

(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់យុវជនគណបក្សក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ទី១៖ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦, ទី២៖ ផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់យុវជនគណបក្សក្រសួងទេសចរណ៍ និងទី៣៖ ប្រគល់សេចក្តីសម្រេចជូនផែន និងក្រុមការងារទាំង៧ ចំណុះយុវជនគណបក្សក្រសួង។

កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង លោក លោកស្រី សមាជិក សមាជិកានៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ថ្នាក់នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងប្រធានគណៈកម្មាធិការសាខាគណបក្សចំណុះគណបក្សក្រសួង សរុបប្រមាណជាង៣០០នាក់។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានអបអរសាទរចំពោះសមិទ្ធផលការងារដែលយុវជនគណបក្សក្រសួងសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងអបអរសាទរចំពោះប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃផែន និងក្រុមការងារទាំង៧ ដែលទើបត្រូវបានតែងតាំងក្នុងរចនាសម្ព័ន្ធយុវជនគណបក្សក្រសួង។

លោកបានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ កើតចេញពីការរួមចំណែករបស់គ្រប់ផ្នែក និងគ្រប់ថ្នាក់ ចាប់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់នៃក្រសួងទេសចរណ៍ តាមរយៈការចូលរួមអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា និងគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍។

ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកបានថ្លែងអំណរគុណចំពោះគំរូវីរភាព និងទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធ ដែលបានប្តេជ្ញាចិត្តបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងលះបង់ក្នុងគ្រប់កាលៈទេសៈ ដើម្បីការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

ជាមួយគ្នានេះ តាងនាមគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ លោក ហួត ហាក់ បានប្តេជ្ញារួបរួមសាមគ្គី និងពង្រឹងឯកភាពផ្ទៃក្នុង ក្នុងស្មារតីខ្មែរតែមួយ ព្រមទាំងបង្ហាញការគាំទ្រចំពោះរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងការតម្រង់ទិសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា៕