FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា

24-09-2026 21:05

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋាន រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតផលដំណាំសម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូច្នេះសូមអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាពមិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោមសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

សូមរំលឹកថា ខេត្តប៉ៃលិនតែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា៕