FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្ដព្រះសីហនុ ទទួលបានគ្រឿងញៀនប្រមាណ៦០គីឡូក្រាម ពីប្រជានេសាទម្នាក់ ដែលប្រទះឃើញ និងស្រង់ពីផ្ទៃសមុទ្រ នៅម្ដុំកោះសេះ

24-09-2026 18:49

(ព្រះសីហនុ)៖ វេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានទទួលគ្រឿងញៀន ចំនួន៦០កញ្ចប់ ស្មើនឹង៦០គីឡូក្រាម ពីប្រជានេសាទម្នាក់។

តាមការបញ្ជាក់ជូន សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ ប្រជានេសាទខាងលើ បានប្រទះឃើញ និងស្រង់គ្រឿងញៀនលើផ្ទៃសមុទ្រ ចំនួន០៣បាវ ស្មើនឹង ៦០កញ្ចប់ នៅចំណុចម្ដុំកោះសេះ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ​ នៅវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការប្រគល់គ្រឿងញៀន ចំនួន៦០កញ្ចប់ ទៅឱ្យលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងអនុវត្តនិតីវិធីបន្ត។

បើតាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថ, គ្រឿងញៀន ដែលប្រជានេសាទ ប្រទះឃើញនេះ គឺជាគ្រឿងញៀនដែលកម្លាំងនគរបាល នាយកដ្ឋានការពារព្រំដែនទឹក បើកប្រតិបត្ដិការបង្ក្រាប កាលពីយប់រំលងអាធាត្រថ្ងៃទី២៣ ខែកញ្ញា នៅម្ដុំកោះសេះ ស្ថិតក្នុងក្រុងកំពង់សោម ដែលក្រុមជនល្មើសលួចទម្លាក់ចោលទៅក្នុងទឹកសមុទ្រ៕