ទស្សនាសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃសន្និសីទអន្តរជាតិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (Video inside)
24-09-2026 17:40
(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ស្តីអំពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា នៅរាជធានីភ្នំពេញ។
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោសតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន២៧ប្រទេស មានដូចជា៖ សហរដ្ឋអាម៉េរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការអន្តរជាតិធំៗចំនួន៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ(INTERPOL), ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាម៉េរិក, មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់មេគង្គ-ឡានឆាង ជាដើម។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គសន្និសីទអន្តរជាតិស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បានបង្ហាញនូវការប្តេជ្ញាចិត្តទៅលើចំនួន១១ចំណុច គឺ(១) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣) រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥) ពង្រឹងក្របខ័ណ្ឌ គោលនយោបាយច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាពនិងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្ថែមថា សន្និសីទរយៈពេល២ថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវត្តយ៉ាងឆាប់រហ័ស នោះគឺ៖១. ការឆបោកបានវិវត្តទៅជាប្រតិបត្តិការឧក្រិដ្ឋកម្មដែលមានភាពស្មុគស្មាញ និងរៀបចំជាប្រព័ន្ធ, ២. បណ្តាញឧក្រិដ្ឋកម្មធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនកាន់តែច្រើន និងកេងចំណេញពីភាពចន្លោះប្រហោងនៅក្នុងច្បាប់ និងវេទិកាឌីជីថល។
តំណាងមកពីបណ្ដាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានាក៏បានចែករំលែកបទពិសោធជាតិ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាការស៊ើបអង្កេតហិរញ្ញវត្ថុគណនីអ្នកទទួល និងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្ដាញឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាសេវាគាំទ្រ និងការការពារដែលផ្តោតលើជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនកាន់តែរឹងមាំស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធ និងដោយផ្អែកលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមកព្រមទាំងគោរពអធិបតេយ្យជាតិ៕
សូមទស្សនាសន្និសីទសារព័ត៌មាន ទាំងស្រុងដូចខាងក្រោម៖








