រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យដែលរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកចាប់ពីថ្ងៃទី២៥ ខែកញ្ញា
24-09-2026 17:08
(ភ្នំពេញ)៖ ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ ពីពហុវិបត្តិដែលកម្ពុជា បាននិងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ពហុវិបត្តិកើតមានឡើងជាបន្តបន្ទាប់ ដែលកម្ពុជា បាននិងកំពុងជួបប្រទះរួមមាន ការផ្លាស់ប្តូររបប ពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ, សង្រ្គាមឈ្លានពាន និងការរំលោភ បំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា,សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិសកលផ្សេងៗមួយចំនួនទៀត។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ជាសាច់ប្រាក់បន្ថែមលើអត្ថប្រយោជន៍នានាដែលគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ កំពុងតែទទួលបានពីរាជរដ្ឋាភិបាលស្រាប់ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល និងសមាជិកគ្រួសារម្នាក់ៗ ៥ពាន់រៀល បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, អ្នក រស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន៨ពាន់រៀល និងសមាជិក ម្នាក់ៗ ៥ពាន់រៀលបន្ថែម, និងគ្រួសារនៅទីជនបទនឹងទទួលបាន ៤ម៉ឺនរៀល ក្នុងមួយគ្រួសារ និង សមាជិកម្នាក់ៗ ៥ពាន់រៀលបន្ថែម។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឡើងចំនួន ៤ លើក ក្នុងឆ្នាំ២០២៦ ក្នុងអំឡុងនៃការឡើងតម្លៃនៃប្រេង និងឧស្ម័នឥន្ធនៈ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៦សែននាក់ នៅទូទាំងប្រទេស។
សូមរម្លឹកជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕








