បន្លែ និងផ្លែឈើសុវត្ថិភាព កសិករស្រុកបន្ទាយស្រី កំពុងទទួលបានការគាំទ្រកាន់តែច្រើនពីពលរដ្ឋ និងភ្ញៀវទេសចរ
24-09-2026 16:56
(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី សហការជាមួយផ្សារ ហ៊ុយ ឡេង ក្នុងក្រុងសៀមរាប បានរៀបចំដាក់លក់ បន្លែ និងផ្លែឈើសុវត្ថិភាព ដែលដាំដុះដោយកសិករតាមបណ្តាសមាគមកសិកម្មក្នុង ស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ជីវភាពកសិករ និងសុវត្ថិភាពអ្នកបរិភោគ។
លោក សាំង វត្តនា អភិបាលរងស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញានេះថា គោលបំណងដែលរៀបចំឲ្យបងប្អូនប្រជាកសិករដាក់លក់កសិផលរបស់ខ្លួននៅទីតាំងផ្សារជាប់រង្វង់មូលវត្តដំណាក់ គឺដើម្បីជំរុញកសិផលរបស់សហគមន៍ឱ្យកាន់តែមានទីផ្សារល្អ។ ប្រជាកសិករអាចយកកសិផល របស់ពួកគាត់ដូចជា៖ បន្លែ ផ្លែឈើ និងកសិផលកែច្នៃផ្សេងៗទៀត មកដាក់លក់នៅទីនេះដោយឥតគិតថ្លៃ និងរៀងរាល់ថ្ងៃ ចាប់ពីពេលព្រឹក រហូតដល់ម៉ោង ១២។
លោកអភិបាលរងស្រុក បានបន្តថា ការរៀបចំឱ្យមានការផ្សារខាងលើនេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ បន្លែ ផ្លែឈើសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបបន្ថែម ស្របពេលតម្រូវការមានការកើនឡើងគួរឱ្យកត់សម្គាល់។ កន្លងទៅ ភាគរយនៃប្រជាពលរដ្ឋ ដែលប្រើប្រាស់បន្លែសុវត្ថិភាពនៅមានកម្រិតទាប ដូច្នេះហើយ ដើម្បីពង្រីក និងបំពេញបន្ថែមឲ្យគាត់ អាចទទួលនូវបន្លែ ផ្លែឈើសុវត្ថិភាពឲ្យកាន់តែច្រើន និងជំរុញឲ្យប្រជាពលរដ្ឋងាកមក បន្លែដែលមានសុវត្ថិភាពខ្ពស់ ដើម្បីសុខភាពសាធារណ។
លោកអភិបាលរងស្រុក បន្តថា កន្លងកសិផលរបស់កសិករក្នុងស្រុកមួយចំនួនលក់ នៅតាមផ្ទះ និងមួយចំនួនទៀត លក់នៅផ្សារចុងសប្តាហ៍ក្នុងក្រុងសៀមរាប។ ដោយសារ បរិមាណដែលលក់នៅ សល់មួយផ្នែក ដូច្នេះដើម្បីឲ្យកសិករអាចបញ្ចេញកសិផល និងកុំឱ្យចាល់ រដ្ឋបាលស្រុកបានសហការ ជំរុញរៀបចំផ្សារខាងលើនេះឡើង និងរំពឹងថា កសិផលដែលផលិតបាន ត្រូវបានដាក់លក់នៅលើទីផ្សារ។
លោក សាំង វត្តនា បានបញ្ជាក់ថា ផ្សារនេះចាប់ផ្តើមលក់តាំងពីថ្ងៃទី០៩ ខែកញ្ញាមក និងមានកំណើនអតិថិជនគាំទ្រគួរឱ្យកត់សម្គាល់។ ហើយសហគមន៍ដែលកំពុងដាក់លក់មានចំនួន ចំនួន៣ និងក្រុមផលិត១ រួមមាន៖ សហគមន៍កសិកម្មទំនើសសីរ, សហគមន៍កសិកម្មត្បែងលិចជោគជ័យ, សហគមន៍កសិកម្មសុវត្ថិភាពបន្ទាយស្រី និងក្រុមផលិតនៅឃុំរំចេក ស្រុកបន្ទាយស្រី។
លោក សាំង វត្តនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយមកគាំទ្រផលិតផល បន្លែ ផ្លែឈើសុវត្ថភាពនេះ ដើម្បីទទួលបានសុខភាពល្អ និងជៀសវាងប្រើបន្លែដែលនាំចូលមកពីខាងក្រៅ និងមានជាតិគីមី ព្រមទាំងចូលរួមេលើកកម្ពស់ជីវភាពកសិករឱ្យមានភាពប្រសើរ។
លោក ម៉ៅ វីរៈ តំណាងសហគមន៍កសិកម្មទំនើបសសីរ បានឲ្យដឹងថា សហគមន៍បានបង្កើតឡើងរយៈ២ឆ្នាំមកហើយ និងសមាជិកនៅចំនួន ៧៦គ្រួសារ។ លោកបានបន្តថា ការមកដាក់លក់នៅក្នុងក្រុងសៀមរាបទីតាំងនេះ គឹចង់បញ្ជ្រាបឲ្យអ្នកហូបបន្លែទូទៅយល់ថា បន្លែដែលយកមកពីសហគមន៍ គឺជាបន្លែដែលមានប្រភពច្បាសលាស់ ដាំដោយកសិករខ្មែរ និងមានទីកន្លែងច្បាស់លាស់ដែលគាត់អាចអញ្ជើញទៅមើលបានដល់ទីតាំង។ សហគមន៍ ក៏មានការបណ្តុះបណ្តាលច្បាស់លាស់ពីក្រសួង មន្ទីរ និងអង្គការពាក់ព័ន្ធ ដែលបានបណ្តុះបណ្តាលបន្លែ បែបណាដើម្បីឲ្យមានសុវត្ថិភាព។
ចំណែកអតិថិជនគាំទ្រ គឺអ្នកស្រី សុភា បានបង្ហាញអារម្មណ៍រីករាយ នៅពេលមានកសិផលរបស់កសិករក្នុងស្រុកកាន់តែច្រើនលក់នៅលើទីផ្សារ។ អ្នកស្រីប្រាប់ថា បន្លែ និងផ្លែឈើសុវត្ថិភាព ដាំដុះដោយកសិករខ្មែរ ហូបទៅមានទំនុកចិត្ត និងមិនបារម្ភចំពោះការប្រើ ប្រាស់ថ្នាំគីមី នាំឱ្យប៉ះពាល់ដល់សុខភាពគ្រួសារអ្នកស្រីឡើយ។ អ្នកស្រីក៏អំពាវនាវឱ្យពលរដ្ឋដទៃទៀត សូមជួយគាំទ្រផលិតផលកសិករខ្មែរ ដើម្បីជួយសេដ្ឋកិច្ចសហគមន៍ឱ្យកាន់តែល្អប្រសើរ៕






























