FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាក់ច្រាំងទន្លមេគង្គក្រោម នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ជាង១គីឡូម៉ែត្រ តែមន្រ្តីជំនាញមិនទាន់មានដំណោះស្រាយ (Video inside)

24-09-2026 16:55

(កណ្ដាល)៖ ដីច្រាំងទន្លេមេគង្គក្រោម ស្ថិតនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានបាក់ចូលទន្លេជាង ១គីឡូម៉ែត្រ តែមកដល់ពេលនេះ មិនទាន់មានការដោះស្រាយ និងចំណាត់ការនៅឡើយទេ ហើយការបាក់ទៀតនេះ បានកើតឡើងដល់ខាងក្រោយផ្ទះមេឃុំតែម្តង។

តាមសេចក្តីរាយការណ៍រប​ស់ភ្នាក់ងារព័ត៌មាន Fresh News ដែលបានទៅយកព័ត៌មានផ្ទាល់នៅទីនោះ បានបញ្ជាក់ថា ច្រាំងទន្លេបានបាក់ដល់ក្រោយផ្ទះលោកមេឃុំព្រែកដាច់ តែលោកមេឃុំបានធ្វើច្រាំងទប់កុំឲ្យបន្តបាក់ ដែលបញ្ហានេះត្រូវបានគេចុះផ្សាយតាមបណ្តាញសង្គមថាលោកមេឃុំបានធ្វើសំណង់រឹងចូលទន្លេ។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលជាក់ស្តែង ដែលជាលទ្ធផលមើលឃើញថា ពិតជាបានធ្វើជើងទេរទប់ច្រាំងពីការបន្តបាក់ចូលទន្ល ជារៀងរាល់ថ្ងៃប៉ុណ្ណោះ ។

លោកអភិបាលស្រុកថ្លែងថា «កត្តានេះមិនមានបញ្ហាអ្វីឡើយ ហើយលើកទឹកចិត្តដល់ពលរដ្ឋដែលមានលទ្ធភាព ធ្វើច្រាំងទប់ការបាក់ដីចូលទន្លេ ព្រោះជាង៤ឆ្នាំកន្លងមក និងបច្ចុប្បន្ន មានការបាក់ច្រាំងទន្លេនៅឃុំព្រែកដាច់ មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗហើយ។ ជារៀងរាល់ថ្ងៃនេះ ការបាក់ច្រាំងទន្លេបានគំរាមកំហែងដល់ពលរដ្ឋរស់នៅតាមបណ្ដោយទន្លមេគង្គក្រោមខ្លាំងណាស់»។

លោកអភិបាលស្រុក បានបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះលោកបានស្នើទៅក្រសួងធនធានទឹក និងឧតុនិយមចំនួន ៣ដងមក ដើម្បីដាក់បាវខ្សាច់សង្រ្គោះច្រាំងទន្លេ ព្រោះបាក់ជារៀងរាល់ថ្ងៃបន្តិចម្ដងៗដែលជាបញ្ហាបង្កការភ័យខ្លាច ព្រោះសូម្បីក្រោយសាលាស្រុក និងក្រោយវត្ត ក៏កំពុងទទួលរងហានិភ័យនេះផងដែរ តែមិនទាន់ទទួលបានលទ្ធផល។

ចំពោះការចោទប្រកាន់លោក ជន នី មេឃុំព្រែកដាច់ រំលោភដីចំណីទន្លេ ដែលត្រូវបានគេចុះផ្សាយតាមបណ្តាញសង្គមនោះ ត្រូវបានលោកមេឃុំ បានបកស្រាយថា «ដី និងផ្ទះគាត់ស្ថិតនៅភូមិព្រែកតាហីងនេះ កំពុងរងហានិភ័យបាក់ច្រាំងទន្លេរៀងរាល់ថ្ងៃ ហើយការបាក់នេះទៀតសោត ជិតមកដល់ក្រោយផ្ទះគាត់ហើយ ដែលបង្កឲ្យមានស្នាមប្រេះជញ្ជាំង និងដីក្រោយផ្ទះគាត់បណ្ដើរៗហើយ ដូច្នេះគាត់គ្រាន់តែចាក់ច្រាំងដើម្បីទប់ស្កាត់ កុំឲ្យមានការបន្តបាក់ទៀតតែប៉ុណ្ណោះ ។

លោកមេឃុំថា លោកគ្រាន់តែការពារផ្ទះបស់គាត់ប៉ុណ្ណោះ ក៏មានគេចុះផ្សាយរិះគន់គាត់ដែរ អីចឹងការពារក៏ខុស ពេលបាក់ច្រាំងក៏ខុស ហើយសួរថាតើអ្នកផ្សាយនោះចង់បានអ្វីឲ្យពិតប្រាកដ? ក្នុងនាមជាមេឃុំ លោកនឹងនៅតែបន្តយកចិត្តទុកដាក់ចុះពិនិត្យមើលការបាក់ច្រាំងនេះជាប្រចាំ មើលពលរដ្ឋខ្លាចគាត់រងគ្រោះខ្លាំង និងជួយសង្រ្គោះពួកគាត់បឋម ព្រមទាំងរាយការណ៍ទៅថ្នាក់លើផងដែរ៕