FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី

24-09-2026 15:00

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចេញដំណើរទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ (Global Halal Summit 2026) ក្រោមអធិបតីភាពលោក Dato' Sri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។

កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលធ្វើឡើង ក្រោមប្រធានបទ «កសាងទំនុកចិត្ត និងការជំរុញភាពធន់»។ តាមរយៈកិច្ចប្រជុំកំពូលហាឡាលសាកល ដែលជាធម្មតាមានស្ថាប័នហាឡាលមកចូលរួមពី៧០ ទៅ១០០ប្រទេសនៅក្នុងតំបន់អាស៊ាន និងពិភពលោក ដែលអាចបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នហាឡាលកម្ពុជា ជាមួយនឹងស្ថាប័នហាឡាលអន្តរជាតិទាំងនោះ ដើម្បី ចូលរួមអភិវឌ្ឍន៍កិច្ចការហាឡាលកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហាឡាល នៃប្រទេសម៉ាឡេស៊ី (JAKIM) ដែលជាស្ថាប័នហាឡាល ត្រូវបានបណ្តាប្រទេសលើពិភពលោកទទួលស្គាល់។

ក្នុងកិច្ចប្រជុំកំពូលនេះ ក៏បានធ្វើឡើងក្នុងពេលដំណាលគ្នា ជាមួយពិព័រណ៍ផលិតផលហាឡាលអន្តរជាតិនៃប្រទេសម៉ាឡេស៉ី (MIHAS) ២០២៦ ផងដែរ ដែលគេរំពឹងថា នឹងទាក់ទាញអ្នកចូលទស្សនាចំនួនប្រមាណ៥ម៉ឺននាក់ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនសរុបចំនួន១,៧០០ក្រុមហ៊ុន ដោយមានស្តង់ពិព័រណ៍រហូតដល់២,០០០ស្តង់។

សូមជម្រាបថា ក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ លោកទេសរដ្ឋមន្ត្រី គ្រោងនឹងមានជំនួបពិភាក្សាការងារមួយចំនួន ជាមួយថ្នាក់ដឹកនាំម៉ាឡេស៉ីផងដែរ៕