FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល៖ ការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ គឺសុទ្ធតែកើតចេញពីសេចក្តីស្រលាញ់ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់មន្ត្រីសុខាភិបាលគ្រប់កម្រិត

24-09-2026 14:58

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថាការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ គឺសុទ្ធតែកើតចេញពីសេចក្តីស្រលាញ់ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់មន្ត្រីសុខាភិបាលគ្រប់កម្រិត។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទ ក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)សរុបចំនួន ២៩៩៥នាក់ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បង្ហាញនូវលទ្ធផលជាក់ស្តែង នៃវឌ្ឍនភាពក្នុងការបម្រើសេវា២៤ម៉ោង/៧ថ្ងៃ នៅមណ្ឌលសុខភាព ដែលជាការផ្លាស់ប្តូរប្រកបទៅដោយក្តីសង្ឃឹម។ ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកចិត្តទុកដាក់ និងទទួលយកនូវការរិះគន់បែបស្ថាបនា ដើម្បីពិនិត្យ កែលម្អ និងដោះស្រាយដោយផ្តោតទៅលើលទ្ធផល។

នាឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថា ស្តីពីសេចក្តីសន្និដ្ឋានលើ ភាពមិនប្រាកដប្រជាដែលជាសមត្ថភាពរបស់អ្នកដឹកនាំ ក្នុងការប្រែក្លាយស្ថានភាពមិនប្រាកដប្រជា ឲ្យក្លាយទៅជាភាពវិជ្ជមាន ជាយន្តការក្នុងការផ្លាស់ប្តូរ ប្រែក្លាយទៅជាភាពធន់ ដែលអាចបញ្ជាក់ថា «យើងធ្វើបាន» ទោះកិច្ចការនោះលើសពី សមត្ថភាពយើងក៏ដោយ។

ក្នុងកម្មវិធីនេះក៏មានបទបង្ហាញអំពីសមិទ្ធផលរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទិសដៅការងារដែលកើតចេញពីការរួបរួមគ្នាជាធ្លុងមួយ នៃក្រុមការងារក្នុងការគិត ការអនុវត្ត និងការទទួលខុសត្រូវរួមគ្នា ក្រោមភាពជាអ្នកដឹកនាំល្អ រហូតប្រែក្លាយខ្លួនទៅជាមន្ទីរពេទ្យសាធារណៈគំរូ៕