កត្តាសុខសន្តិភាព និងសុវត្ថិភាពល្អ៖ G Adventures ជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ GX Summit ២០២៦
24-09-2026 14:28
(ភ្នំពេញ)៖ ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Adventures បានសម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit) ឆ្នាំ២០២៦។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍វត្តភ្នំ» ដោយមានការចូលរួមពីលោក លោកស្រី គណៈប្រតិភូ GX Summit ២០២៦ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ព្រូស ពូន ធីប (Bruce Poon Tip) ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាត GX Summit ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ដែលត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី។
ជាមួយគ្នានេះ លោក ហួត ហាក់ បានបញ្ជាក់ថា កម្ពុជាមិនមានត្រឹមតែភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែ «លើសពីប្រាសាទ» (Beyond Temples) កម្ពុជាអាចផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទេសចរណ៍ពិសេស ដែលរួមមានភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា «ស្នាមញញឹមខ្មែរ» ម្ហូបអាហារដ៏សម្បូរបែប សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលមានប្រវត្តិយូរលង់។
លោកបានបន្ថែមថា សម្បត្តិវប្បធម៌ ប្រពៃណី ម្ហូបអាហារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទាំងនេះ គឺជាអត្តសញ្ញាណខ្មែរ និងជាភាពល្អឯកដ៏វិសេសវិសាល (Authenticity) ដែលអាចផ្តល់បទពិសោធន៍ពិសេសដល់ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា៕










