FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា និងអន្តរជាតិ អនុម័តគាំទ្រ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដែលជាផែនទីចង្អុលផ្លូវរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

24-09-2026 14:19

(ភ្នំពេញ)៖ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបណ្តាប្រតិភូដែលបានចូលរួមផ្តល់ធាតុចូល និងអនុម័តគាំទ្រ «សេចក្តីប្រកាស ទីក្រុងភ្នំពេញ» ជាផ្លូវការ ដែលជាមាគ៌ាសម្រាប់យកទៅអនុវត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចដែលបានកំណត់នៅក្នុងមូលបទនៃសន្និសីទអន្តរជាតិនេះ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

នៅក្នុងបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភ្នំពេញ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងនាមប្រទេសម្ចាស់ផ្ទះ នឹងបន្តទទួលការអនុម័តគាំទ្រពីបណ្តាប្រទេស និងអង្គការ អន្តរជាតិនានា លើសេចក្តីប្រកាសទីក្រុងភ្នំពេញ នៅថ្ងៃខាងមុខបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ សន្តិបណ្ឌិត នេត សាវឿន សូមថ្លែងអំណរគុណជូនចំពោះគណៈកម្មការរៀបចំសន្និសីទអន្តរជាតិ, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ, ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងមជ្ឈមណ្ឌលសហប្រតិបត្តិការ សន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង សម្រាប់ការចូលរួមយ៉ាងសកម្មធ្វើឱ្យសន្និសីទនេះទទួលបានជោគជ័យត្រចះត្រចង់។

សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ថ្វីត្បិតតែយើងកំពុងចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ពិតមែន ប៉ុន្ដែមិនមានន័យថា ស្មារតីសន្និសីទរបស់យើង ត្រូវបិទបញ្ចប់ត្រឹមនេះនោះទេ ផ្ទុយទៅវិញ នេះគឺជាចំណុចចាប់ផ្តើមដ៏ខ្លាំងក្លាមួយកម្រិតទៀត ដែលបង្ហាញអំពីសុច្ឆន្ទៈមោះមុត ការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា និងទិសដៅអនាគតដ៏មុតស្រួចរបស់យើងទាំងអស់គ្នា។

សន្តិបណ្ឌិត នេត សាវឿន សង្ឃឹមយ៉ាងមុតមាំថា ប្រតិភូទាំងអស់នឹងប្រែក្លាយកិច្ចពិភាក្សា និងអនុសាសន៍ដែលបានដាក់ចេញទាំងអស់ ឱ្យទៅជាសកម្មភាព ពិតប្រាកដ, ប្រែក្លាយឧបសគ្គប្រឈម ទៅជាកាលានុវត្តភាពនៃកិច្ចសហការដ៏រឹងមាំ, ប្រែក្លាយចំណុចខ្វះខាតនានា ទៅជាស្មារតីរួបរួមជួយគ្នាទៅវិញទៅមក តាមរយៈយន្តការ រឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងប្រែក្លាយក្តីសុបិនរបស់យើង ក្នុងការរួមគ្នាបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ឱ្យទៅជាការពិត។

សន្តិបណ្ឌិត នេត សាវឿន សន្និសីទអន្តរជាតិ មិនត្រឹមតែបានផ្ដល់នូវចំណេះដឹង និងបទពិសោធល្អប៉ុណ្ណោះទ ប៉ុន្តែអ្វីដែលជាគុណតម្លៃសំខាន់របស់សន្និសីទនេះ គឺភាពជាដៃគូ និងមិត្តភាពដែលយើងបង្កើតបានតាមរយៈសន្និសីទនេះ និងសូមលើកទឹកចិត្តដល់ប្រតិភូយើងទាំងអស់សូមបន្តនូវទំនាក់ទំនងមិត្តភាពដ៏ប្រពៃដែលយើងបានបង្កើតនេះ សូមបន្តចែករំលែកព័ត៌មាននិងបទពិសោធរវាងគ្នា និងគ្នាសូមបន្តសាមគ្គីភាពនៃការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា កម្ពុជា បានធ្វើរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលអញ្ជើញមកពីប្រទេសជាង២៧ នៅលើពិភពលោក និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមជាង ១០០០នាក់៕