ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កម្ពុជាឈានមុខគេក្នុងការបង្កើតច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប្តេជ្ញាបោសសម្អាតឧក្រិដ្ឋជនឱ្យដល់ឫសគល់ (Video inside)
24-09-2026 13:24
(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្តី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសដែលឈានមុខគេក្នុងការបង្កើតឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយការឃាត់ខ្លួន ការបណ្តេញចេញពីប្រទេស រួមជាមួយនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើយ៉ាងណាកាត់ផ្តាច់ បណ្តាញឧក្រិដ្ឋជន និងឈានទៅលុបបំបាត់ឫសគល់នៃបញ្ហានេះចេញពីសង្គមជាតិ។
លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសងញ្ជើញបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នានៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភ្នំពេញ។
ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា ជុំវិញការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ ការអនុវត្តវិធានការអនុវត្តច្បាប់ម៉ឺងម៉ាត់ គឺជាការឆ្លើយតបយ៉ាងសំខាន់ និងមានប្រសិទ្ធភាពចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយទាមទារឱ្យមានយុទ្ធនាការ បោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើយ៉ាងណាកាត់ផ្តាច់ បណ្តាញឧក្រិដ្ឋជន និងឈានទៅលុបបំបាត់ឫសគល់នៃបញ្ហានេះ ចេញពីសង្គមជាតិ។
ក្នុងការបង្កើតច្បាប់ប្រឆាំងការឆបោកតាមបច្ចេកវិទ្យាលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ដូចនេះថា «សម្រាប់ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវឆន្ទៈមោះមុត ពុះពារមិនរាថយ ក្នុងការប្រើប្រាស់វិធានការអនុវត្តច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា ដោយក្នុងនោះ កម្ពុជាគឺជាប្រទេសដែលឈានមុខគេ ក្នុងការបង្កើតឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយ ការឃាត់ខ្លួន ការផ្តន្ទាទោស និងការបណ្តេញចេញពីប្រទេស ការប្រើប្រាស់វិធានការបច្ចេកទេសរារាំងប្រតិបត្តិការរបស់ក្រុមឆបោក ការរឹតបន្តឹងរដ្ឋបាល ទីតាំងដែលប្រឈមនឹងហានិភ័យ ព្រមទាំងការពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងនឹងអំពើពុករលួយ»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា វិធានការច្បាប់ដ៏តឹងរ៉ឹងទាំងនេះ គឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជា ប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវតែបន្តអនុវត្តរហូតដល់បទល្មើសមួយនេះ រលត់សាបសូន្យចេញពីប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានរដ្ឋសភានៃកម្ពុជា អនុម័តជាឯកច្ឆ័ននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងព្រឹទ្ធសភា បានផ្តល់យោបល់ឯកភាពទាំងស្រុងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ហើយបានចូលជាធរមាននៅម៉ោង ០០:០១នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
គោលបំណងសំខាន់នៃច្បាប់នេះ គឺដើម្បីកំណត់វិធានផ្នែកព្រហ្មទណ្ឌ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយប្រព្រឹត្តបទល្មើស។ វាមាន ៥ ជំពូក និង ២៤ មាត្រា ហើយបានបង្កើតក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន។
ច្បាប់នេះចែងអំពីទោសទណ្ឌធ្ងន់ធ្ងរចំពោះជនល្មើស រហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោក ជាពិសេសប្រសិនបើមានបទល្មើសផ្សេងទៀតដូចជា ចាប់ជំរិត ឬសម្លាប់មនុស្សកើតឡើង។ កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ដែលមានច្បាប់ព្រហ្មទណ្ឌពិសេសបែបនេះ។ ការអនុវត្តច្បាប់នេះក៏ពឹងផ្អែកយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ៕
















































