FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ប្រាប់អនុរដ្ឋមន្ត្រីសន្តិសុខចិន នឹងបោសសំអាតបទល្មើសស្កេម​ឱ្យអស់ពីលើទឹកដីកម្ពុជា (Video inside)

24-09-2026 12:57

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ចិនថា នឹងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាស្កេមនោះ ឱ្យអស់ពីលើទឹកដីកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងគណៈប្រតិភូ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ។ លោក ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចមហាបវ​រ​ធិប​តី​នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ លោកក៏បានកោតសរសើរ​ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់​វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែម​ទៀត។

លោកអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខរបស់ចិន បានគូសរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ចិន។

លោកអនុរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យកាន់​តែ​ជិត​ស្និទ្ធ​ថែមទៀត ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា។

សម្តេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋ​មន្ត្រី និងគណៈប្រតិភូ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជនចិន ដែលតែងតែបានគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែង​នូវ​ការ​ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំង​កិច្ចសហ​ប្រតិបត្តិការលើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រី​អនុវត្ត​ច្បាប់កម្ពុជា។

ចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ពីការ​ប្ដេជ្ញា​ចិត្ត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឱ្យអស់ពីទឹកដីកម្ពុជា។ សម្ដេចមហាបវរធិបតីបានបន្ថែម​ថា ពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជាមិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវ​កិច្ចសហប្រតិ​បត្តិ​ការពី​បណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។ ក្រៅពីនេះ សម្ដេចមហាបវរធិបតី ក៏បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់​ទំនងរវាង​ប្រជា​ជន និងប្រជាជន ជាពិសេសការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែម​ទៀត ដោយសម្ដេចបានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព, ភាព​កក់ក្តៅ និងពោរពេញដោយការស្វាគមន៍រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕