កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល (Video inside)
24-09-2026 12:24
(ភ្នំពេញ)៖ កម្ពុជា និងគុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល។ នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន នាពេលកន្លងមក។ លោកស្រី បានបន្តថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ លោកស្រី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅបន្ថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ សម្ដេចមហាបវរធិបតី បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពលផ្សេងៗទៀត មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, កសិកម្ម, វប្បធម៌, ទេសចរណ៍, និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តលោកស្រីឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពលនានា៕






