ក្រសួងព័ត៌មាន និងខេត្តយូណាន របស់ចិន បើកព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន និងសម្ពោធទូដាក់សៀវភៅ ពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន
24-09-2026 11:41
(ភ្នំពេញ)៖ ក្រសួងព័ត៌មានកម្ពុជា និងផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺ «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow's Boss)» រួមជាមួយពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង បង្កើនទំនាក់ទំនងតាមរយៈសៀវភៅ»។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន។
លោក កឹម គុណវឌ្ឍន៍ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈររហូតក្លាយជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» «មិត្តភាពដែកថែប» និងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី» ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងការជំរុញយ៉ាងសកម្មនូវច្រករបៀងសំខាន់ៗ ដូចជា ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងត្រីនិងអង្ករ។ មិត្តភាពប្រពៃណីដ៏រឹងមាំនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេស និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វប្បធម៌ និងការផ្លាស់ប្តូរយុវជនជំនាន់ក្រោយ។
លោក កឹម គុណវឌ្ឍន៍ បានបន្តថា ក្នុងបរិបទនេះ វិស័យព័ត៌មាន និងសោតទស្សន៍ ដើរតួនាទីជាកាតាលីករ និងជាស្ពានមេត្រីភាពដ៏មានសារៈសំខាន់បំផុត ក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត ផ្សព្វផ្សាយវប្បធម៌ និងបង្កើនការយោគយល់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងបរិវត្តកម្មឌីជីថលយ៉ាងលឿន ដែលទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ មិនត្រឹមតែសហការលើការផ្លាស់ប្តូរព័ត៌មានប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់លើ ការផលិតមាតិកាឌីជីថល នវានុវត្តកម្មបច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត (FAKE NEWS) ដើម្បីធានាបាននូវបរិយាកាសព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជមាន។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានថ្លែងថា ប្រធានបទនៃព្រឹត្តិការណ៍អំណាន «TOMORROW'S BOSS» ផ្តោតសំខាន់លើស្មារតីសហគ្រិនភាពយុវជន នវានុវត្តកម្ម និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។ តាមរយៈការយក «ថ្ម» ជានិមិត្តរូបវប្បធម៌ និងការដកស្រង់ទស្សនទានគន្លឹះដូចជា «ទឹកស្រក់ទម្លុះថ្ម» (ការតស៊ូព្យាយាមមិនបោះបង់), «ការប្រែក្លាយថ្មទៅជាមាស» (ការបង្កើតតម្លៃបន្ថែម និងនវានុវត្តកម្ម) និង «ថ្មមកពីភ្នំដទៃ» (ការស្រូបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្នា) ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផ្នត់គំនិតដ៏រឹងមាំ និងចាំបាច់សម្រាប់យុវជនក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចសកល។
លោក កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា យុវជន គឺជាកម្លាំងចលករនៃអនាគត។ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជន និងសហគ្រិនវ័យក្មេងកម្ពុជា និងចិន បន្តប្រើប្រាស់ស្មារតីច្នៃប្រឌិត ចាប់យកកាលានុវត្តភាពពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងបណ្តាញធុរកិច្ច និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ឆ្នើមនាពេលអនាគត ដូចឈ្មោះកម្មវិធី «TOMORROW'S BOSS» នេះពិតប្រាកដមែន។
ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបសលោក នេត្រ ភក្ត្រា តែងតែប្រកាន់ខ្ជាប់នូវទស្សនវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មស្ថាប័ន លើកកម្ពស់សន្តិសុខព័ត៌មាន និងការគាំទ្រដល់គំនិតផ្តួចផ្តើមដែលជំរុញការអភិវឌ្ឍចំណេះដឹង និងធនធានមនុស្ស។ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូចិន ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន បង្កើនការយល់ដឹងជាសាធារណៈ និងជំរុញឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងចាក់ឫសយ៉ាងរឹងមាំក្នុងដួងចិត្តរបស់មហាជន ជាពិសេសយុវជនជំនាន់ក្រោយ។
បើតាមលោក ផឹង ពីន បានលើកឡើងថា ចិន និងកម្ពុជា គឺជា «មិត្តដែកថែប» ដែលរួមសុខទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក។ យុវជន គឺជាអ្នកបន្តវេននៃចំណងមិត្តភាពចិន-កម្ពុជា និងជា «ដៃគូយុវវ័យ» សម្រាប់ការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មីនេះ។ ក្នុងនាមជាច្រកជួរមុខសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា ខេត្តយូណាន កំពុងខិតខំប្រឹងប្រែងដើម្បីក្លាយជាទឹកដីដ៏មានសក្តានុពល សម្រាប់យុវជនមកពីប្រទេសទាំងពីរក្នុងការស្វែងរក និងសម្រេចក្តីសុបិនរៀងៗខ្លួន៕































