រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បង្ហាញយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ នៅក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ២០២៦ ក្នុងទីក្រុងសៀងហៃ
24-09-2026 11:32
(ទីក្រុងសៀងហៃ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ ប្រកបដោយភាពចម្រុះ សហការ និងស្របតាមតម្រូវការឧស្សាហកម្ម» ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន។
សន្និសីទនេះធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញានេះ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «ការប្រកួតប្រជែងជំនាញពិភពលោកលើកទី ៤៨» ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យការងារ TVET ការអភិវឌ្ឍជំនាញ និងអ្នកជំនាញអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅទូទាំងពិភពលោក។
ថ្លែងទៅកាន់អង្គសន្និសីទ លោកបានចាត់ទុកវេទិកានេះថា ជាឱកាសដ៏សំខាន់ក្នុងការពិភាក្សា និងចែករំលែកចក្ខុវិស័យគ្នា ក្នុងនាមជាដៃគូសកល ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីជំនាញដែលមានភាពរហ័សរហួន និងត្រៀមខ្លួនសម្រាប់អនាគត ខណៈដែលជំនាញកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របតាមការផ្លាស់ប្តូរយ៉ាងលឿននៃវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ ឯកឧត្តមមានប្រសាសន៍ថា ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញដែលមានភាពធន់ តម្រូវឱ្យមានការប្តេជ្ញាចិត្តរួមគ្នាពីសំណាក់រដ្ឋាភិបាល សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល ឪពុកម្តាយ និងបងប្អូនកម្មករនិយោជិត ដើម្បីអាចព្យាករណ៍ និងឆ្លើយតបតាមតម្រូវការកម្លាំងពលកម្មដែលកំពុងមានការផ្លាស់ប្តូរ។
ក្នុងន័យនេះ លោក ហេង សួរ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ចំនួនបី ដោយក្នុងនោះមានដូចជា៖
ទីមួយ៖ គោលនយោបាយជំនាញ គឺត្រូវមានការរួមបញ្ចូលយ៉ាងជិតស្និទ្ធ ជាមួយយុទ្ធសាស្ត្រឧស្សាហកម្ម និងវិនិយោគ ព្រមទាំងព័ត៌មានទីផ្សារការងារ ដែលគោលការណ៍នេះត្រូវបានជំរុញតាមរយៈការតម្រឹមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មតាមវិស័យ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីកំណត់ទិសដៅនៃការអភិវឌ្ឍឧស្សាហកម្ម តម្រូវការជំនាញ និងធនធានដែលមានសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍជំនាញ។
ទីពីរ៖ កិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញ គឺត្រូវកើតចេញពីការដឹកនាំដ៏រឹងមាំ និងការលើកទឹកចិត្ត ដែលគ្រឹះស្ថានបណ្តុះបណ្តាល និងសហគ្រាសអាចរួមគ្នាប្រមូលផ្តុំធនធាន ចែករំលែកចំណេះដឹង និងជំនាញ ព្រមទាំងផ្តល់ឱកាសហ្វឹកហាត់ និងបទពិសោធការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីឱ្យគ្រូបណ្តុះបណ្តាល និងសិក្ខាកាមអាចតាមទាន់ការរីកចម្រើននៃ AI បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្ម។
រីឯចំណុចទីបី៖ ការលើកកម្ពស់ភាពចម្រុះ និងបរិយាបន្ននៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដោយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានក្រុមប្រជាជនងាយរងគ្រោះផ្សេងៗគ្នា កម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធី TVET ពិសេសសម្រាប់យុវជនពីគ្រួសារក្រីក្រ ក្រុមជនជាតិដើមភាគតិច ជនមានពិការភាព កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់សហគ្រាសមីក្រូ តូច និងមធ្យម ដែលមានកម្រិតចំណេះដឹងខុសៗគ្នា។ ទន្ទឹមនេះ ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ក៏ត្រូវបានរៀបចំជាពិសេសស ម្រាប់ពលករទេសន្តរប្រវេសន៍ផងដែរ។
នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍជំនាញ ព្រោះថាកិច្ចសហការគ្នាអាចធានាថា ប្រព័ន្ធអេកូឡូស៊ីជំនាញនៅក្នុងប្រទេសនានានៅតែមានភាពច្នៃប្រឌិត បរិយាបន្ន និងស្របតាមតម្រូវការដែលកំពុងវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល៕







