FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនត្រី និងកូនក្តាមសេះប្រមាណ៦ម៉ឺនក្បាល បានលែងចូលក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រ

24-09-2026 11:06

(ព្រះសីហនុ)៖ កូនត្រី និងកូនក្តាមសេះប្រមាណ៦ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងដែនសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានជលផលសមុទ្រក្នុង «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» នៅដែនសមុទ្រខេត្តព្រះសីហនុ ក្រោមអធិបតី កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ហ៊រទាន សីហនុវីល ដោយមានការចូលរួមពី លោក TONG XINHONG អគ្គនាយកក្រុមហ៊ុន លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនាឱកាសបើកកម្មវិធី កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្មវិធីលែងកូនត្រីចំនួន ១០,០០០ ក្បាល និងកូនក្តាមសេះចំនួន ៥០,០០០ក្បាល ចូលទៅក្នុងដែនសមុទ្រនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ និង ជាក់ស្តែងក្នុងការអភិរក្ស បង្កើន និងពង្រីកប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជាឱ្យកាន់តែសម្បូរបែបថែមទៀត។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ការអភិរក្សធនធានជលផលមិនមែនជាបន្ទុកដាច់ ដោយឡែករបស់ស្ថាប័នរដ្ឋនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ភាគីពាក់ព័ន្ធ ទាំងអស់។ ជាមួយគ្នានេះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា បានវាយតម្លៃខ្ពស់ចំពោះគំរូដ៏ប្រពៃនៃកិច្ចសហការរវាងរដ្ឋនិងវិស័យឯកជនមួយនេះ។

កញ្ញា អ៊ឹម រចនា លើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដទៃទៀត ចូលរួមក្នុងសកម្មភាពអភិរក្សឱ្យបានផុលផុស ដើម្បីធានានិរន្តរភាពធនធាន ជលផល និងទ្រទ្រង់ជីវភាពសហគមន៍នេសាទក្នុងតំបន់៕