FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្ដីជាន់ខ្ពស់នៃក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ាន ស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៩ ដើម្បីពង្រឹងការការពារជនទេសន្តរប្រវេសន៍ការងារ តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់

24-09-2026 10:43

(ភ្នំពេញ)៖ លោក សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៩ (19th AFML) ក្រោមប្រធានបទ "ការការពារជនទេសន្តរប្រវេសន៍ការងារ តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងប្រធានបទរងចំនួន ២ រួមមាន "ការជ្រើសរើសជនទេសន្តរប្រវេសន៍ការងារតាមប្រព័ន្ធអនឡាញ និងបញ្ហាប្រឈម" និង "ការទទួលបានការការពារ ការទទួលបានសំណង និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ"។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមគម្រោង TRIANGLE Partnership ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងឱកាសនេះ លោក សេង សក្តា បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងប្រមូល និងចែករំលែកព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៩ ស្តីពី "ការការពារជនទេសន្តរប្រវេសន៍ការងារ តាមរយៈការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់" និងពិភាក្សា ព្រមទាំងអនុម័តជាអនុសាសន៍របស់កម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងវេទិកា AFML លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៦។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍របស់ ជនទេសន្តរប្រវេសន៍កម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេស និងជនបរទេសដែលមកប្រកបមុខរបរ និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអនុវត្តឱ្យស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា កតិកាសញ្ញារបស់អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ និងលិខិតូបករណ៍អាស៊ានពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារផងដែរ។

ទន្ទឹមនេះ លោក Karan Dhamija លេខាទូតទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Anna Engblom ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ ក្នុងបរិបទការងារឌីជីថល ជាពិសេសការបង្ការ និងទប់ស្កាត់ហានិភ័យពីការជ្រើសរើសការងារតាមប្រព័ន្ធអនឡាញ ការផ្តល់ព័ត៌មានការងារត្រឹមត្រូវ និងការលើកកម្ពស់ចំណេះដឹងឌីជីថលរបស់ពលករ។ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងអាស៊ាន ដើម្បីជំរុញការធ្វើទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងប្រសិទ្ធភាព៕