ថ្ងៃទី២ នៃសន្និសីទអន្តរជាតិ ICCOS! មន្ត្រីជំនាញកម្ពុជា និងអន្តរជាតិ បន្តបើកកិច្ចពិភាក្សាដើម្បីរួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ Online Scams (Video inside)
24-09-2026 10:32
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីជំនាញមកពីបណ្ដាប្រទេសចំនួន២៧ និងមន្ត្រីអង្គការអន្តរជាតិធំៗចំនួន៧ បានបន្តបើកកិច្ចពិភាក្សាគ្នា នៅក្នុងសន្និសីទអន្តរជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)» ជាថ្ងៃទី២ និងថ្ងៃបិទបញ្ចប់ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សន្និសីទអន្តរជាតិ ICCOS ត្រូវបានបើកនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលមកពីបណ្ដាប្រទេសចំនួន២៧, ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ និងមានអ្នកចូលរួមប្រមាណ ១ ០០០នាក់ នៅរាជធានីភ្នំពេញ។
រីឯពិធីបិទសន្និសីទអន្តរជាតិ ICCOS ត្រូវធ្វើឡើងក្រោមអធិបតីភាព សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សន្និសីទអន្តរជាតិ ICCOS ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្ដាប្រទេសជាច្រើន។
ក្នុងពិធីបើកសន្និសីទអន្តរជាតិ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាប្ដេជ្ញាពេញលេញក្នុងការចាត់វិធានការឥតឈប់ឈរ ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបង្កើតកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកជាមួយបណ្ដាប្រទេសជាដៃគូ ប្រកបដោយសមភាពអធិបតេយ្យភាព និងគណនេយ្យភាពរួម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចាត់ទុកការអនុវត្តច្បាប់ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនមែនជាយុទ្ធនាការដើម្បីផ្សព្វផ្សាយរូបភាពនោះទេ, យើងផ្ដោតការខិតខំប្រឹងប្រែងលើការលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ការទប់ស្កាត់ការកើតឡើងវិញរបស់ពួកគេ។ យើងបានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅកម្ពុជា, ទោះបីជាក្រុមឧក្រិដ្ឋជនព្យាយាមបំបែកខ្លួនទៅជាបណ្ដាញតូចៗដែលនឹងប្រតិបត្តិការដោយគ្មានទីស្នាក់ការកណ្ដាល ហើយនឹងមានផែនការកំណត់គោលដៅលើពលរដ្ឋរបស់ខ្មែរក៏ដោយ ប៉ុន្តែកងកម្លាំងអនុវត្តច្បាប់នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាបរាល់ការគំរាមកំហែងដែលកំពុងកើតមាន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរឱ្យបានច្បាស់ថា ប្រទេសកម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
ជាមួយគ្នានេះដែរ ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់មានវាគ្មិនកម្រិតរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន១១នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន ចក្រភពអង់គ្លេស អ៊ូហ្គង់ដា និងអគ្គលេខាធិការអាស៊ាន។
តំណាងប្រទេសចូលរួមបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំសន្និសីទអន្តរជាតិ វេទិកាកម្រិតខ្ពស់បានឯកភាពគ្នាថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាសកល ដែលភ្ជាប់ជាមួយបទឧក្រិដ្ឋនៃការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារខុសច្បាប់ ការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធឌីជីថល។
ចំណុចសំខាន់ៗ និងលទ្ធផលនៃកិច្ចពិភាក្សាការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់បណ្ដាញឧក្រិដ្ឋជន៖ បណ្ដាញឧក្រិដ្ឋជនកំពុងប្រើប្រាស់ AI, Deepfakes និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ដើម្បីពង្រីកការឆបោកឱ្យកាន់តែលឿន ទូលំទូលាយ និងស្មុគស្មាញជាលក្ខណៈប្រព័ន្ធឆ្លងដែន។ ពេលខ្លះសមត្ថភាពរបស់ក្រុមឧក្រិដ្ឋជនមានលក្ខណៈខ្ពស់ជាងសមត្ថកិច្ច។ តម្រូវការចាំបាច់នៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ៖ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះដោយឯកឯងបានឡើយ។
កិច្ចប្រជុំបានសង្កត់ធ្ងន់លើការកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ឱ្យកាន់តែរឹងមាំដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងតំបន់អាស៊ាន (ដូចជា AMLAT និងសន្ធិសញ្ញាបត្យាប័ន) ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរតំបន់ (ដូចជា៖ អាស៊ាន-អាហ្វ្រិក) និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ការទប់ស្កាត់ និងការស៊ើបអង្កេត៖ ត្រូវពង្រឹងការចែករំលែកព័ត៌មានទាន់ពេលវេលា (Real-time information sharing), ការស៊ើបអង្កេតហិរញ្ញវត្ថុ, ការបង្កក ឬរឹបអូសទ្រព្យសម្បត្តិដែលបានមកពីបទល្មើស និងការស៊ើបអង្កេតរួមគ្នា ដើម្បីកម្ទេចមេខ្លោង និងបណ្ដាញឧក្រិដ្ឋជន។
កិច្ចសហការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ៖ ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័នធនាគារ, ក្រុមហ៊ុនទូរគមនាគមន៍, បណ្ដាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីកាត់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលំហូរហិរញ្ញវត្ថុដែលឧក្រិដ្ឋជនប្រើប្រាស់។
ការការពារជនរងគ្រោះជាអាទិភាព៖ ការការពារជនរងគ្រោះ រួមទាំងអ្នកដែលត្រូវគេបោកប្រាស់យកទ្រព្យសម្បត្តិ និងអ្នកដែលត្រូវបានជួញដូរ ឬបង្ខំឱ្យប្រព្រឹត្តបទល្មើស គឺជាអាទិភាពចម្បងដោយផ្អែកលើគោលការណ៍មិនដាក់ទោសទណ្ឌលើជនរងគ្រោះនៃអំពើជួញដូរមនុស្ស (Non-punishment principle)។
ការពង្រឹងយន្តការអភិក្រមរួម (Whole-of-Government & Whole-of- Society/Whole-of-ASEAN Approach)៖ អាស៊ាន និងប្រទេសដៃគូគាំទ្រនូវវិធានការដែលមានការចូលរួមទាំងរដ្ឋាភិបាល សង្គម និងសហគមន៍អាស៊ានទាំងមូល ដើម្បីបង្កើតជារបាំងការពារដ៏រឹងមាំទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន។ ប្រទេសមួយចំនួនបានស្នើឱ្យមានបណ្ដាញប្រយុទ្ធប្រឆាំងការឆបោកអនឡាញក្នុងតំបន់ និងពិភពលោកដើម្បីសម្របសម្រួលកិច្ចសហការភ្លាមៗ (24/7)។
នៅក្នុងវេទិកាកម្រិតខ្ពស់នេះកម្ពុជាបានបង្ហាញពីវិធានការជាតិនានាដែលបានអនុវត្តកន្លងមក និងបានអំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ដើម្បីកាត់ផ្ដាច់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព និងចីរភាព សំដៅបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្តសម្រាប់ទាំងអស់គ្នា៕




































