FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រនៃកម្ពុជា ប្រទានព្រះរាជសារចូលរួមអបអរសាទរជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ (Video inside)

24-09-2026 09:24

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហទ័យ ប្រទានព្រះរាជសារ ចូលរួមអបអរសាទរជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ព្រះរាជសាររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានខ្លឹមសារទាំងស្រុងថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃ សេចក្តីថ្លៃថ្នូរ សិទ្ធិ និងតួនាទីរបស់មនុស្សចាស់ក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះ មនុស្សជំនាន់មុន ដែលបានបន្សល់ទុកកេរមរតកចំណេះដឹង និងបានចូលរួមចំណែកដ៏មានតម្លៃក្នុងការ កសាងគ្រួសារ សង្គម និងប្រទេសជាតិ។

ការប្រារព្ធទិវានេះមានសារៈសំខាន់ សម្រាប់ប្រជាជាតិកម្ពុជាគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់អំពីការគោរព ថែទាំ និងយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ជីដូនជីតា និងមនុស្ស ចាស់ក្នុងគ្រួសារ ដែលសុទ្ធសឹងជាអ្នកមានគុណដ៏ធំធេងចំពោះកូនចៅ តាមរយៈការផ្តល់កំណើត ការបីបាច់ថែរក្សា ការថែទាំ និងអប់រំ។ លោកជាអ្នកមានគុណ បានលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការ ចិញ្ចឹមកូនចៅ ព្រមទាំងជាឃ្លាំងចំណេះដឹង និងបទពិសោធច្រើនដ៏មានតម្លៃ ដែលបានឆ្លងកាត់ជីវិត ប្រវត្តិ ព្រឹត្តិការណ៍ ទំនៀមទម្លាប់ និងវប្បធម៌នៅតាមសហគមន៍នានា។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តារួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ វ័យចាស់ ជរា ពិការ ក្រីក្រី និងអ្នកគ្មានទីពឹងទាំងឡាយ ឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅនៅសមរម្យតាមសហគមន៍នីមួយៗ។

ការរៀបចំជាមណ្ឌលមនុស្សចាស់ ឬប្រើប្រាស់ទីវត្តអារាម និងវិហារសាសនា តាមលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ទីជម្រក អាហារ និងការគាំទ្រចាំបាច់ជាដើម បានបង្ហាញស្មារតីដឹងគុណ កតញ្ញូ ក្តីស្រឡាញ់ និងការគោរព ព្រមទាំងរួមចំណែកថែរក្សាតម្លៃគ្រួសារ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាមគ្គីភាពក្នុងសង្គម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ដើម្បីកសាងសង្គមមួយដែលមនុស្សគ្រប់វ័យរស់នៅដោយសុខដុមរមនា ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ។

ខ្ញុំសូមឧទ្ទិសឱ្យស្មារតី នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ស្ថិតក្នុងដួងព្រលឹង នៃកុលបុត្រកុលធីតាខ្មែរគ្រប់រូបតរៀងទៅ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនពរបងប្អូនជនរួមជាតិ ទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»៕