គ.ជ.ប. ផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដល់ភាគីពាក់ព័ន្ធ
23-09-2026 22:50
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប។ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព៌ត័មាន តំណាងគណបក្សនយោបាយចំនួន ២១ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ ព្រមទាំងអ្នកសារព័ត៌មានសរុបទាំងអស់ចំនួនប្រមាណ ១០០ នាក់
ក្នុងឱកាសនោះ លោក ជឺ ចំណាន បានជម្រាបជូនភាគីពាក់ព័ន្ធអំពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីពង្រឹងគុណភាព ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពចំពោះទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ សម្រាប់ឆ្នាំ២០២៦ នេះ គ.ជ.ប នឹងបន្តធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតលើទិន្នន័យជីវមាត្រ សម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះយ៉ាងតិច ១០ឆ្នាំ។
លោក ជឺ ចំណាន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានចំនួនសរុប ១០,១៦២,២៣២ នាក់។ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជននានា ព្រមទាំងផ្សព្វផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និងកម្មវិធីទូរសព្ទ NEC KH។ គោលបំណងគឺដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ។ ប្រសិនបើមានទិន្នន័យមិនត្រឹមត្រូវ ឬអ្នកដែលមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ) អាចស្នើសុំកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពនៅតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ គ.ជ.ប បានចែកលិខិតអញ្ជើញជូនប្រជាពលរដ្ឋបានចំនួន ៧,១១៣,២០៨ នាក់ ស្មើនឹង ៧០% នៃចំនួនលិខិតអញ្ជើញដែលបានបោះពុម្ព ហើយការងារនេះនឹងបន្តរហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
លោក ជឺ ចំណាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងជួយផ្សព្វផ្សាយបន្ត ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ព្រមទាំងអ្នកដែលទើបគ្រប់អាយុបោះឆ្នោត ឬមិនទាន់បានចុះឈ្មោះពីមុន ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬការិយាល័យចល័តតាមភូមិ។
ទន្ទឹមគ្នានេះ លោកបានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីត្រៀមចូលរួម និងសហការអនុវត្ត សំដៅជំរុញ និងធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ទទួលបានជោគជ័យ និងត្រឹមត្រូវតាមច្បាប់ជាធរមាន៕












