កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដពិនិត្យរដ្ឋបាលទីតាំងចំនួន៨ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស៦៩នាក់
23-09-2026 22:08
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តចុះពិនិត្យរដ្ឋបាលទីតាំងចំនួន ៨ កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងនោះ២ទីតាំងត្រូវបានបង្រ្កាប ដោយបានរកឃើញជនបរទេសស្នាក់នៅចំនួន ៦៩នាក់ ក្នុងនោះស្រី ២០នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងដឹកនាំប្រតិបត្តិការដោយលោក លៀម សុដា អភិបាលរង និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងចំណោមជនបរទេសទាំង ៦៩នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី ៥១នាក់ (ស្រី ២០នាក់) និងជនជាតិចិន ១៨នាក់។ ក្នុងនោះ ៥១នាក់មានឯកសារត្រឹមត្រូវ ខណៈដែល ១៨នាក់ទៀត គ្មានឯកសារស្របច្បាប់។
ក្នុងប្រតិបត្តិការនេះ ទីតាំងចំនួន ២ កន្លែង ស្ថិតនៅសង្កាត់អូរឫស្សី ត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសស្គេមអនឡាញ ដែលរកឃើញជនជាតិចិន ១៨នាក់ ស្នាក់នៅខុសច្បាប់ រួមជាមួយវត្ថុតាងមួយចំនួនដូចជា កុំព្យូទ័រ all in one ១២គ្រឿង, Laptop ២គ្រឿង, ទូរស័ព្ទ ១៦គ្រឿង, អាវប៉ូលិសចិន ០១ និងសម្ភារៈមួយចំនួនទៀត។
យោងតាមរបាយការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ទីតាំងដែលបានចុះការងាររដ្ឋបាល និងបង្ក្រាប រួមមាន ៖
១.សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរង ក្រុងប៉ោយប៉ែតចុះអនុវត្តបានចំនួន ០២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន ៨នាក់ ស្រី ០៦នាក់ (ជនជាតិឥណ្ឌូនេស៊ី ) មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្តេមអនឡាញ ។
២.សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០២ទីតាំង រកឃើជនបរទេសស្នាក់នៅចំនួន ៤២នាក់ ស្រី ១៤នាក់ (ជនជាតិឥណ្ឌូនេស៊ី ) មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។
៣.សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាងអភិបាលរងក្រុងចុះអនុវត្តបានចំនួន ២ទីតាំង មានជនបរទេសស្នាក់នៅចំនួន ០១នាក់ (ជនជាតិឥណ្ឌូនេស៊ី) មានឯកសារត្រឹមត្រូវ ពុំពាក់ព័ន្ធនិងបទល្មើសស្គេមទេ។
៤.សង្កាត់អូរឬស្សី ដឹកនាំដោយលោក វឺ ថងរ័ក្ស អភិបាលរងក្រុង បានសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលពីលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើសស្គេម នៅសង្កាត់អូរឫស្សីចំនួន ២ទីតាំង រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ១៨នាក់ ជាជនជាតិចិន។ រួមនិងវត្ថុតាងមួយចំនួនទៀតរួមមាន៖ កំព្យូទ័រ all in one ១២ គ្រឿង, Laptop ២ គ្រឿង,ទូរសព្ទដៃ ១៦គ្រឿង - អាវប៉ូលិសចិន០១ -ធ្យូង ស៊ីភីយូ(០២) -និង monitor ១គ្រឿង៕








