បណ្ឌិត កៅ ថាច៖ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ គឺជាកម្លាំងចលករសម្រាប់កៀរគរធនធាន និងបង្កើនកម្មវិបាកអភិវឌ្ឍន៍
23-09-2026 21:04
(ស្រីលង្កា)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួម៖ ការជំរុញសក្តានុពលក្នុងតំបន់ - Partnerships for Prosperity: Unlocking Regional Potential»។
ក្នុងឱកាសនោះ លោកបណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាប្រឈមអភិវឌ្ឍន៍ក្នុងតំបន់ (ដូចជាការប្រែប្រួលអាកាសធាតុ, ទំហំនៃហិរញ្ញប្បទានអភិវឌ្ឍន៍នៅមានកម្រិត, និងបរិយាប័ន្នសង្គម) មិនអាចដោះស្រាយដោយស្ថាប័នតែមួយបានឡើយ។ ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អាចជួយ កៀរគរធនធាន ចែករំលែកហានិភ័យ បង្កើនសហថាមពលជំនាញ និងពង្រីកហិរញ្ញប្បទាន ដើម្បីបង្កើតកម្មវិបាកអភិវឌ្ឍន៍កាន់តែទូលំទូលាយ។
លោកបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា៖ «ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) មួយ អាចផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមួយ ប៉ុន្តែបណ្តាញ DFIs ដ៏រឹងមាំ អាចរួមគ្នាបង្កើតប្រព័ន្ធវិនិយោគមួយបាន» តាមរយៈការជំរុញការផ្តល់ហិរញ្ញប្បទានរួម ការចែករំលែកហានិភ័យ ការកៀរគរធនធាន និងការពង្រីកដំណោះស្រាយដែលមានប្រសិទ្ធភាពទៅកាន់ទីផ្សារ និងប្រទេសផ្សេងៗក្នុងតំបន់។
ជាចុងក្រោយនៃថ្លែងសុន្ទរកថាបើកកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩, បណ្ឌិត កៅ ថាច បានផ្តល់នូវពាក្យមួយឃ្លាជូនដល់បណ្តាថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍, វិស័យឯកជន, និងភ្ញៀវកិត្តិយសដែលបានចូលរួម «រួមគ្នាផ្តល់ហិរញ្ញប្បទាន រួមគ្នាកៀរគរធនធាន រួមគ្នាចែករំលែកហានិភ័យ និងរួមគ្នាពង្រីកផលជះ ដើម្បីវិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក»៕









