ទឹកចិត្តពីសមរភូមិក្រោយ ផ្តល់កម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ! សប្បុរសជននានាបន្តឧបត្ថម្ភអំណោយដល់កងពលតូចដឹកជញ្ជូនលេខ៩៩
23-09-2026 20:04
(ភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយនាយទាហាន បានទទួលគ្រឿងឧបភោគបរិភោគ និងអំណោយសប្បុរសធម៌ជាច្រើនពីសប្បុរសជន ដើម្បីបន្តផ្តល់ការគាំទ្រ និងកម្លាំងចិត្តដល់កងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចនៅសមរភូមិមុខ។
អំណោយទាំងនេះបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ពីប្រជាជននៅសមរភូមិក្រោយ។ អំណោយដែលទទួលបានរួមមានពី ឧត្តមសេនីយ៍ទោ ឆេង សែ និងលោកស្រី ប៊ុន ម៉ាច រួមនឹងក្រុមគ្រួសារ បានឧបត្ថម្ភអង្ករ ១,៥០០គីឡូក្រាម ទឹកបរិសុទ្ធប្រូវីដា ៥០កេស អាវភ្លៀង ៣០ ត្រីខ ៣កេសធំ ទឹកស៊ីអ៊ីវ ៣០យួរ និងថវិកា ៤លានរៀល។ ជាមួយគ្នានេះ អនុសេនីយ៍ឯក ជុំ សារ៉ាន់ និងលោកស្រី ឈួន ចន្ថេម ក៏បានឧបត្ថម្ភទឹកសុទ្ធ ៥០០យួរផងដែរ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានរួមចំណែកជួយឧបត្ថម្ភ និងផ្តល់កម្លាំងចិត្តដ៏មានតម្លៃដល់កងទ័ព។ ជាការថ្លែងអំណរគុណ លោកមេបញ្ជាការក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជនផងដែរ។
អំណោយទាំងនេះមិនត្រឹមតែជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសាមគ្គីភាព ក្តីស្រឡាញ់ ការដឹងគុណ និងការចូលរួមរបស់ប្រជាជនចំពោះបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។
កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងចាត់ចែងដឹកជញ្ជូន និងប្រគល់អំណោយទាំងនេះជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគេទទួលបានការគាំទ្រចាំបាច់។ ទឹកចិត្តពីសមរភូមិក្រោយ គឺជាកម្លាំងចិត្តដ៏រឹងមាំសម្រាប់អ្នកនៅសមរភូមិមុខ ដែលបង្ហាញពីសាមគ្គីភាពជាតិដ៏រឹងមាំ៕









