FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាចង់ឃើញការពង្រឹងកិច្ចសហប្រតិបត្តិការលើការចែករំលែកព័ត៌មាន ការស៊ើបអង្កេតឆ្លងដែន ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់

23-09-2026 18:50

(ភ្នំពេញ)៖ ក្នុងឱកាសបង្ហាញលទ្ធផលសង្ខេបក្រោយបញ្ចប់សន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» សម្រាប់ថ្ងៃទី១ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានលើកឡើងថា កម្ពុជាចង់ឃើញការពង្រឹងកិច្ចសហប្រតិបត្តិការលើការចែករំលែកព័ត៌មាន ការស៊ើបអង្កេតឆ្លងដែន ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ និងការការពារជនរងគ្រោះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនត្រូវការការសហការដោយគោរពច្បាប់ អធិបតេយ្យភាព និងការទទួលខុសត្រូវរួមរបស់ប្រទេសពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំសន្និសីទអន្តរជាតិនេះ បង្ហាញពីការបើកចំហរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែលមានលក្ខណៈឆ្លងដែន។ សន្និសីទនេះមានការចូលរួមពីគណៈប្រតិភូមកពី ២៧ប្រទេស និងអង្គការអន្តរជាតិចំនួន ៧ តាមព័ត៌មានដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានផ្សាយនៅថ្ងៃនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការចូលរួមគាំទ្រពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក UNODC និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានបន្ថែមថា សន្និសីទនេះមិនមែនគ្រាន់តែជាវេទិកាសម្រាប់ការពិភាក្សា និងការផ្លាស់ប្តូរទស្សនៈប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានជាក់ស្តែង។ សន្និសីទមានគោលបំណងសំខាន់ចំនួនបី គឺការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃបណ្តាញឆបោក ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពហុភាគី ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា កម្ពុជារំពឹងថា អង្គសន្និសីទនឹងអនុម័តសេចក្តីប្រកាសភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ «យើងចង់ឃើញការប្តេជ្ញាចិត្តរួមនេះត្រូវបានបន្តទៅជាការសម្របសម្រួល និងសកម្មភាពជាក់ស្តែង ដែលអាចតាមដាន និងវាស់វែងលទ្ធផលបាន»។

លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាចង់ឃើញសន្និសីទអន្តរជាតិនេះក្លាយជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញពីការប្តេជ្ញាចិត្តរួម ទៅជាសកម្មភាពរួម ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្ម និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សន្និសីទអន្តរជាតិដែលកម្ពុជារៀបចំឡើង មិនមែនគ្រាន់តែជាវេទិកាសម្រាប់ពិភាក្សាអំពីបញ្ហា ឬផ្លាស់ប្តូរទស្សនៈនោះទេ ប៉ុន្តែជាវេទិកាដើម្បីប្រមូលផ្តុំឆន្ទៈ ការប្តេជ្ញាចិត្ត និងបទពិសោធន៍របស់បណ្តាប្រទេស និងស្ថាប័នពាក់ព័ន្ធ ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។ នេះជាស្មារតីស្នូលនៃសន្និសីទ៖ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវការកិច្ចសហប្រតិបត្តិការឆ្លងដែន ការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការបង្ក្រាបត្រូវដើរទន្ទឹមនឹងការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម ហើយការប្តេជ្ញាចិត្តត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង និងលទ្ធផលដែលអាចវាស់វែងបាន។

សូមជម្រាបថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា ក្នុងនាមម្ចាស់ផ្ទះ បានរៀបចំពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សន្និសីទនេះប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីជាង ២៧ប្រទេស និងអង្គការអន្តរជាតិចំនួន ៧ និងមានអ្នកចូលរួមប្រមាណ ១០០០នាក់៕