FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីព័ត៌មាន៖ កម្ពុជា មិនមែនគ្រាន់តែបង្ក្រាប និងបិទទីតាំង​ Online Scams នោះទេ តែកម្ពុជាប្តេជ្ញាកាត់ផ្តាច់ខ្សែច្រវាក់ក្រុមឧក្រិដ្ឋជនទាំងស្រុង (Video inside)

23-09-2026 18:07

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមការចុះបង្ក្រាបទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាកាត់ផ្តាច់ខ្សែច្រវាក់ក្រុមឧក្រិដ្ឋជនទាំងស្រុង។

ក្នុងឱកាសបង្ហាញលទ្ធផលសង្ខេបក្រោយបញ្ចប់សន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» សម្រាប់ថ្ងៃទី១​ នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការរៀបចំសន្និសីទអន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាការងារអាទិភាព ដោយបានបង្កើតយន្តការពិសេស និងដាក់ចេញយុទ្ធនាការបង្ក្រាបនៅទូទាំងប្រទេស។ ការអនុវត្តនេះមានការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការសហការជាមួយដៃគូអន្តរជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ ទាំងការត្រួតពិនិត្យទីតាំងសង្ស័យ ការបង្ក្រាប និងបិទទីតាំងឆបោក ការដកហូត ឬព្យួរអាជ្ញាបណ្ណអាជីវកម្មដែលពាក់ព័ន្ធ ការស៊ើបអង្កេត និងការបញ្ជូនសំណុំរឿងទៅតុលាការ។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានពង្រឹងក្របខណ្ឌច្បាប់ តាមរយៈច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ការស៊ើបអង្កេត និងការចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស។ យុទ្ធនាការនេះមិនមែនជាប្រតិបត្តិការរយៈពេលខ្លីនោះទេ ប៉ុន្តែជាការងារដែលត្រូវបន្តអនុវត្តប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមតួលេខដែលមានក្នុងឯកសាររៀបចំសន្និសីទ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងចាត់វិធានការលើទីតាំងចំនួន ៦៦៣កន្លែង។ ទីតាំងឆបោកខ្នាតធំចំនួន ៨៦កន្លែងត្រូវបានបង្ក្រាប និងរំលាយ។ សំណុំរឿងចំនួន៤៤៦ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣​ ៩២៧នាក់។ ទឹកប្រាក់ជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកត្រូវបានបង្កក។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តួលេខទាំងនេះបង្ហាញពីវិសាលភាពនៃការអនុវត្តច្បាប់ ប៉ុន្តែមិនមានន័យថាការងាររបស់យើងបានបញ្ចប់ហើយនោះទេ។ យើងទទួលស្គាល់ថា បណ្តាញឧក្រិដ្ឋកម្មមានសមត្ថភាពផ្លាស់ប្តូររូបភាព និងវិធីសាស្ត្រប្រតិបត្តិការរបស់ខ្លួន។ នៅពេលដែលទីតាំងឆបោកខ្នាតធំត្រូវបានបង្ក្រាប ឧក្រិដ្ឋជនអាចបំបែកប្រតិបត្តិការទៅជាក្រុមតូចៗ ឬលាក់ខ្លួនក្រោមរូបភាពអាជីវកម្មផ្សេងៗ។ ហេតុនេះ ភារកិច្ចរបស់យើងនៅដំណាក់កាលបន្ទាប់ គឺបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមការចុះបង្ក្រាបទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។ បទពិសោធន៍បានបង្ហាញថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះមានខ្សែច្រវាក់ប្រទាក់ក្រឡាគ្នា ចាប់ពីការជ្រើសរើស និងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារ ការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ រហូតដល់ការផ្ទេរប្រាក់ខុសច្បាប់ និងការលាក់បាំងទ្រព្យសម្បត្តិដែលបានមកពីបទល្មើស។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការបង្ក្រាបត្រូវអនុវត្តជាប្រព័ន្ធ ចាប់ពីការត្រួតពិនិត្យ ការបិទទីតាំង ការដកហូត ឬព្យួរអាជ្ញាបណ្ណ ការស៊ើបអង្កេត ការបញ្ជូនសំណុំរឿងទៅតុលាការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ រហូតដល់ការទប់ស្កាត់ការកកើតឡើងវិញ។ ជាពិសេស ការស៊ើបអង្កេតហិរញ្ញវត្ថុគឺជាការងារដ៏សំខាន់។ ការបិទទីតាំងមួយអាចបញ្ឈប់សកម្មភាពឆបោកនៅទីតាំងនោះ ប៉ុន្តែមិនមានន័យថាមេខ្លោង ឬបណ្តាញដែលផ្តល់ហិរញ្ញប្បទានត្រូវបានបំបែកទាំងស្រុងឡើយ។ «យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអនុវត្តច្បាប់ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ដើម្បីតាមដានលំហូរប្រាក់ កំណត់អត្តសញ្ញាណអ្នកទទួលផល និងចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ស្របតាមច្បាប់ជាធរមាន»៕