ធុងសំរាម ៣៥៧ធុង អំណោយលោកបណ្ឌិត អ៊ាង សុផល្លែត ត្រូវបានប្រគេនដល់វត្តអារាម ១១៨វត្ត ក្នុងខេត្តព្រះវិហារ
23-09-2026 17:54
(ព្រះវិហារ)៖ ធុងសំរាមចំនួន ៣៥៧ធុង ជាអំណោយរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានប្រគេនជូនដល់វត្តអារាមចំនួន ១១៨វត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីចូលរួមលើកកម្ពស់អនាម័យ សោភ័ណភាព និងការគ្រប់គ្រងសំរាមនៅតាមវត្តអារាម។
ពិធីប្រគេនធុងសំរាមនេះ បានធ្វើឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងព្រះសង្ឃតំណាងតាមបណ្តាវត្តអារាម។
ក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានលើកឡើងថា ការផ្តល់ធុងសំរាមដល់វត្តអារាមទាំង១១៨វត្ត គឺជាការចូលរួមក្នុងការជំរុញឱ្យមានការគ្រប់គ្រងសំរាមបានល្អ និងរក្សាបាននូវអនាម័យ និងសោភ័ណភាពនៅតាមវត្តអារាម ដែលជាទីកន្លែងគោរពបូជា និងជាទីជួបជុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។
លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត និងក្រសួងបរិស្ថាន ដែលបានផ្តល់ការគាំទ្រដល់ការងារបរិស្ថាននៅខេត្តព្រះវិហារ តាមរយៈការផ្តល់ធុងសំរាមសម្រាប់ប្រើប្រាស់នៅតាមវត្តអារាម។
លោក សុខ សាន្តតារ៉ា ក៏បានអំពាវនាវដល់គណៈកម្មការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ចូលរួមប្រើប្រាស់ធុងសំរាមឱ្យបានត្រឹមត្រូវ ដោយចោលសំរាមទៅតាមទីតាំងដែលបានរៀបចំ និងចូលរួមថែរក្សាអនាម័យជុំវិញវត្ត ដើម្បីឱ្យវត្តអារាមមានបរិស្ថានស្អាត មានសោភ័ណភាព និងមានសុខភាពល្អសម្រាប់ព្រះសង្ឃ និងប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើបុណ្យ។
លោកបានបញ្ជាក់ថា ការថែរក្សាបរិស្ថានមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគី ពិសេសការចាប់ផ្តើមពីទីកន្លែងសាធារណៈ និងទីកន្លែងសក្ការៈបូជា ដើម្បីរួមគ្នាកសាងបរិស្ថានស្អាត និងសុខភាពល្អសម្រាប់សហគមន៍។
ការប្រគេនធុងសំរាមចំនួន៣៥៧ធុង ដល់វត្តអារាមចំនួន១១៨វត្តនៅទូទាំងខេត្តព្រះវិហារ ត្រូវបានចាត់ទុកថា ជាសកម្មភាពមួយដែលរួមចំណែកជំរុញការគ្រប់គ្រងសំរាមនៅមូលដ្ឋាន និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាអនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ និងទីកន្លែងសក្ការៈបូជា៕










