FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងអប់រំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ

23-09-2026 17:49

(សៀមរាប)៖ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងអប់រំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ខណៈបញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាន។

ថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ម៉ននី រង្សី នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោកស្រី បានបន្តថា បញ្ហាអំពើហិង្សាក្នុងគ្រួសារនៅតែបន្តកើតមាននៅតាមសហគមន៍មួយចំនួន ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងចូលរួមទប់ស្កាត់ឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព។

លោកស្រីអភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់សមាជិកគ្រួសារ ការដោះស្រាយទំនាស់ដោយសន្តិវិធី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងយន្តការជំនួយដែលមានសម្រាប់ជនរងគ្រោះ។

លោកស្រី បានសង្កត់ធ្ងន់ថា ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីផលវិបាកនៃអំពើហិង្សា និងចូលរួមបង្ការបញ្ហានេះតាំងពីដំណាក់កាលដំបូង។

លោកស្រីអភិបាលរងខេត្ត បន្តថា ត្រូវតាមដានស្ថានភាពគ្រួសារដែលប្រឈមនឹងហានិភ័យ និងបង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាព និងសេវាពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមានអំពើហិង្សាកើតឡើង ត្រូវផ្ដល់អាទិភាពដល់សុវត្ថិភាព និងសិទ្ធិរបស់ជនរងគ្រោះ ហើយអនុវត្តនីតិវិធីតាមច្បាប់និងតាមសមត្ថកិច្ច។

លោកស្រីបញ្ជាក់ថា បញ្ហាវិវាទក្នុងគ្រួសារនៅតែជាបញ្ហាមួយដែលអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ជាពិសេសករណីគូស្វាមីភរិយាដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ស្របច្បាប់ ហើយនៅពេលមានទំនាស់ ឬមិនអាចបន្តរស់នៅជាមួយគ្នាបាន បែរជាស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ និងបញ្ចប់ទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រឹមថ្នាក់មូលដ្ឋាន។

ជាមួយគ្នានេះ លោកស្រីក៏បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ អំពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដើម្បីឱ្យប្រជាពលរដ្ឋយល់ច្បាស់ពីសិទ្ធិ កាតព្វកិច្ច និងនីតិវិធីក្នុងការដោះស្រាយវិវាទគ្រួសារ ជាពិសេសការលែងលះ ការថែរក្សាកូន និងបញ្ហាទ្រព្យសម្បត្តិ ដោយធានាថាការដោះស្រាយនីមួយៗប្រព្រឹត្តទៅដោយសន្តិវិធីយុត្តិធម៌និងស្របតាមច្បាប់ជាធរមាន៕