FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបទល្មើស Online Scams ចាប់ខ្លួនជនជាតិឥណ្ឌូណេស៊ី ១២នាក់ (Video inside)

23-09-2026 17:40

(ព្រះសីហនុ)៖ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ ក្នុងនោះមានស្រី ០៣នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ចំនួន ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងខាងលើ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កំព្យូទ័រលើតុ (ALL IN ONE) ចំនួន ១៣គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ១៩គ្រឿង, ទូរសព្ទដៃសម្រាប់ធ្វើសកម្មភាព Online ចំនួន ២៨គ្រឿង, សុីមកាត ចំនួន ៥២សន្លឹក, លិខិតឆ្លងដែន ចំនួន ០៨ក្បាល, បណ្ណ័ការងារ ចំនួន ០២សន្លឹក, អត្តសញ្ញាណប័ណ្ណ ចំនួន ០២សន្លឹក និងកាតធនាគារ ចំនួន ០២សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ ត្រូវបានកម្លាំងជំនាញ មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងមានសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ៕