FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍៖ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មាន ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ

23-09-2026 17:30

(ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម» ក្រោមអធិបតីភាព លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសរសេរថា «បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ យោងតាមទិន្នន័យពី និយ័តករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានលេខទូរសព្ទគ្រាអាសន្នចំនួន៣ ត្រូវបានដាក់ឱ្យដំណើរការដាច់ដោយឡែកពីគ្នា (១១៥,១១៧,១១៨,១១៩) និងមានលេខទូរសព្ទបន្ទាន់ប្រមាណ ៤៧ លេខផ្សេងទៀត ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗ»

ស្ថានភាពនៃការប្រើប្រាស់លេខទូរសព្ទគ្រាអាសន្ន មិនមានស្តង់ដារ និងគ្មានការសម្របសម្រួលរួមបែបនេះ បានបង្កជាបញ្ហាប្រឈមជាច្រើន រួមមាន ភាពលំបាកទាក់ទង និងច្របូកច្របល់ដល់ប្រជាពលរដ្ឋ ក្នុងការចងចាំលេខ មិនអាចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ក្នុងពេលតែមួយបានរហ័ស ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ដែលទាមទារការឆ្លើយតបពីឡានពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងប៉ូលីសក្នុងពេលតែមួយជាដើម។

សិក្ខាសាលាខាងលើនេះ មានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពេទ្យកាល់ម៉ែត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អង្គការ KAMRISE និង CAMSAFE ព្រមទាំងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក សរុបប្រមាណ ៨០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) ចែករំលែកឧត្តម្មានុវត្តន៍ និងការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម យន្តការ និងប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបសេវាគ្រាអាសន្ន (២) សិក្សាស្វែងយល់ពីបទពិសោធ និងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតប សេវាគ្រាអាសន្ននាពេលបច្ចុប្បន្ន របស់ភ្នាក់ងារឆ្លើយតបនានា និង (៣) ស្វែងរកធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការសិក្សានិងរៀបចំបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់អនុសាសន៍ សមស្របសម្រាប់ការបង្កើតប្រព័ន្ធទូរសព្ទគ្រាអាសន្នរួមនៅកម្ពុជា៕