FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន ស្វាគមន៍ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការនាំរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងដៃគូអន្តរជាតិមករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ (Video inside)

23-09-2026 16:27

(ភ្នំពេញ)៖ ស្ថានទូតចក្រភពព្រីតថេន(អង់គ្លេស)ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការកោតសរសើររបស់ លោក Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការប្រមូលផ្តុំរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាគំរាមកំហែងជាសកលនៃការឆបោកតាមអនឡាញ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា។

យោងតាមសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការឆបោកតាមអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្មានរដ្ឋាភិបាលណាមួយអាចដោះស្រាយបញ្ហានេះបានតែម្នាក់ឯងនោះទេ។ លើសពីរដ្ឋាភិបាល អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ ក៏មានតួនាទីសំខាន់ក្នុងការកំណត់អត្តសញ្ញាណបណ្ដាញឧក្រិដ្ឋកម្ម និងជួយដល់ជនរងគ្រោះផងដែរ»។

ប្រភពដដែលបានបន្តថា នៅក្នុងឱកាសនៃសន្និសីទអន្តរជាតិនេះ លោក Lord Hanson បានលើកឡើងយ៉ាងច្បាស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំជាប្រព័ន្ធ។ ជាពិសេស លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលបាននាំរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងដៃគូអន្តរជាតិមករួមគ្នា ដើម្បីរួមដៃគ្នាដោះស្រាយការគំរាមកំហែងដែលកំពុងតែកើនឡើងមួយនេះ។

ជាមួយគ្នានេះ ចក្រភពអង់គ្លេស បានបញ្ជាក់ជាថ្មីម្តងទៀត អំពីសារៈសំខាន់ដ៏ចាំបាច់នៃការធ្វើការរួមគ្នា ដើម្បីរំខាន និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្ម ការពារប្រជាជនដែលងាយរងគ្រោះ និងសម្រេចបាននូវលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងប្រទេសកម្ពុជា។

សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការប្រែក្លាយកិច្ចសន្ទនាអន្តរជាតិឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅជួយធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាពជាងមុន និងធានាថាបណ្ដាញឧក្រិដ្ឋកម្មមានកន្លែងកាន់តែតិចតួចបំផុតសម្រាប់លាក់ខ្លួន៕