វេជ្ជបណ្ឌិត គួង ឡូ៖ ការគាំទ្រផ្នែកចិត្តសង្គម មានសារៈសំខាន់ក្នុងការជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ
23-09-2026 16:21
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់ នៃការគាំទ្រផ្នែកចិត្តសង្គមដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសកុមារ និងស្ត្រី ដែលត្រូវការការយកចិត្តទុកដាក់ និងការឆ្លើយតបឱ្យបានទាន់ពេលវេលា។
ការថ្លែងគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគាំទ្រចិត្តសង្គមជាមូលដ្ឋានដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នៅស្រុកឆែប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រី គ.ក.ន.ក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ មកពីបណ្តាឃុំក្នុងស្រុកឆែបជាច្រើនរូបទៀត ក្នុងគោលបំណងពង្រឹងចំណេះដឹង និងជំនាញក្នុងការផ្តល់ការគាំទ្រផ្នែកចិត្តសង្គម ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា ជនរងគ្រោះ ជាពិសេសកុមារ និងស្ត្រី ត្រូវការការយកចិត្តទុកដាក់ខ្ពស់ពីអ្នកផ្តល់សេវា និងភាគីពាក់ព័ន្ធ ដើម្បីជួយពួកគេឱ្យអាចស្តារស្ថានភាពផ្លូវចិត្ត និងបន្តជីវិតទៅមុខប្រកបដោយក្តីសង្ឃឹម។
លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ការការពារ ការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនមែនជាការងាររបស់ស្ថាប័នណាមួយតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាជនរងគ្រោះទទួលបានការគាំទ្រ និងសេវាដែលសមស្រប។
ជាមួយគ្នានេះ លោក គួង ឡូ បានថ្លែងលើកឡើងពីតួនាទីរបស់មន្ត្រី គ.ក.ន.ក នគរបាល និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ (VHSG) ដែលជាកម្លាំងនៅជិតប្រជាពលរដ្ឋ និងអាចជួយសម្របសម្រួលភ្ជាប់ជនរងគ្រោះទៅកាន់សេវា ដែលសមស្របនៅក្នុងមូលដ្ឋាន និងសេវាសុខាភិបាល។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ពីការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចំពោះអ្នកស្ម័គ្រចិត្តសុខភាពភូមិ តាមរយៈការផ្តល់បណ្ណទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់តម្លៃដល់ការចូលរួមរបស់ VHSG ក្នុងការងារសុខាភិបាលនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកថ្លែងអំណរគុណសិក្ខាកាម និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់ការអនុវត្តវគ្គបណ្តុះបណ្តាលនេះ និងជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យក្នុងការអនុវត្តចំណេះដឹង និងជំនាញដែលទទួលបាន ដើម្បីចូលរួមផ្តល់ការគាំទ្រដល់ជនរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕












